(ប៊ូឆារ៉េស)៖ ការប៉ះគ្នាវគ្គ ១៦ក្រុមរវាងក្រុមជម្រើសជាតិបារាំង ប៉ះស្វីស នៅពានអឺរ៉ុប UEFA European Championship 2020 នារាត្រីថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២១ ដើម្បីមានកៅអីឡើងទៅវគ្គ ៨ក្រុមចុងក្រោយជាបន្ត ខណៈក្រុមទាំងពីរធ្លាប់ប៉ះគ្នា ៣៨ដង ដោយប្រកួតចុងក្រោយបញ្ចប់ក្នុងលទ្ធផលស្មើគ្នា ០-០ នៃវគ្គសន្សំពិន្ទុក្នុងពូល A នាប្រទេសបារាំង កាលពី Euro 2016។

អតីតក្រុមជើងឯក World Cup 2018 មាន់គកបារាំង ធ្លាប់មានប្រវត្តិឈ្នះក្រុមជម្រើសជាតិស្វីស ១៦ដង និងចាញ់ ១០ដង ក្រៅពីស្មើគ្នា ១២ដង។ ការប៉ះគ្នាលើកចុងក្រោយបញ្ចប់ក្នុងលទ្ធផល ០-០ ខណៈនេះការប្រកួតដែលនឹងរៀបចំធ្វើឡើងនាម៉ោង ០២៖០០នាទី (ម៉ោងនៅកម្ពុជា) ហើយក៏ជាជំនួបសងសឹកវិញផងដែររបស់ស្វីស ដោយធ្លាប់ចាញ់ ៥-២ នៅការប្រកួតពានបាល់ទាត់ពិភពលោក World Cup 2014 ជាមួយនឹង ៧ប្រកួតចុងក្រោយ ស្វីស នៅមិនទាន់រកបានជ័យជម្នះទៅលើបារាំងបាននោះទេ បានត្រឹមស្មើ ៤លើកប៉ុណ្ណោះ។

គួរបញ្ជាក់ផងថា បារាំងជាក្រុមដែលចេញពីពូល F ក្នុងចំណាត់ថ្នាក់លេខ១ ដោយលេង ៣ប្រកួត ឈ្នះ១ និងស្មើ ២ដងមិនដែលចាញ់ គ្រាដែលគូប្រជែងស្វីស ចេញពីពូល A ក្នុងនាមក្រុមលេខ ៣ល្អ ដែលត្រូវប៉ះអេស្ប៉ាញ ឬក្រូអាត ប្រសិនបើឈ្នះយប់នេះ៕