(កំពង់ស្ពឺ)៖ ស្របពេលនៃការប្រើប្រាស់រថយន្តនៅប្រទេសកម្ពុជា មានការកើនឡើងគួរឱ្យគត់សម្គាល់ នាពេលបច្ចុប្បន្ននេះ ពិសេសអ្នកមានជីវភាពអាចទិញរថយន្តប្រើប្រាស់មានការកើនឡើងនោះ បានជំរុញឲ្យយានដ្ឋានជួសជុលរថយន្តត្រូវការអ្នកមានជំនាញជួសជុល និងថែទាំរថយន្តដែលមានសញ្ញាបត្រ ក្នុងការជួសជូលរថយន្តត្រឹមត្រូវ ដើម្បីប្រសិទ្ធភាពនៃការប្រកួតប្រជែងក្នុងទីផ្សារ។
យានដ្ឋានវិស្វករឡាន លឹម សុជា បានបើកសម្ពោធដំណើរការជាមួយនឹងភាពជឿជាក់ ដោយមើលឃើញថា តម្រូវការរថយន្ត និងការជួសជុលរថយន្តនៅតែមានច្រើន បើទោះបីជាកាលៈទេសៈពេលនេះប្រកំពុងប្រឈមនឹង ការឆ្លងជំងឺកូវីដ១៩ ក៏ដោយ។
លោកវេជ្ជបណ្ឌិត ជា សុខលឹម ម្ចាស់យានដ្ឋានវិស្វករឡានលឹមសុជា បានឱ្យដឹងថា នៅក្នុងបរិបទកូវីដ១៩នេះ លោកជឿជាក់ថា អ្នកប្រើប្រាស់មួយចំនួននៅតែមានតម្រូវការរថយន្ត ក្នុងការធ្វើដំណើរ និងប្រកបមុខរបរផ្សេងៗដើម្បីចិញ្ចឹមជីវិត ហើយការជួសជុលរថយន្តពិតជាមានតម្រូវការ ដូចនេះលោកបានយកវិស្វករជំនាញជួសជុលរថយន្ត ដែលបានបញ្ចប់ការសិក្សារត្រឹមត្រូវពីមហាវិទ្យាល័យ មកធ្វើជាជាងបង្គោល ដើម្បីជួសជុលរថយន្តនៅយានដ្ឋានរបស់លោក។
ម្ចាស់យានដ្ឋានវិស្វករឡានលឹមសុជា បានបើកសម្ពោធដំណើរការដោយជឿជាក់លើវិស្វករជួសជុលរថយន្តរបស់លោក ដែលជាជំនាញមួយកំពុងមានសក្ដានុពលនាពេលបច្ចុប្បន្ន។ លោកបានមានប្រសាសន៍ថា យានដ្ឋានរបស់លោកបានបើកដំណើរការដោយប្រើដើមទុនជិត១០ម៉ឺនដុល្លារបំពាក់នូវឧបករណ៍ជួសជុលរថយន្តមួយកំផ្លេរ ដោយលើកលែងតែបាញ់ថ្នាំរថយន្តប៉ុណ្ណោះ។ លោកបានបញ្ជាក់ថា ការបំពាក់ឧបករណ៍គ្រប់មុខទាំងអស់នេះ គឺដើម្បីឱ្យអតិថិជនមានភាពងាយស្រួលមិនចាំបាច់ពិបាកទៅកន្លែងផ្សេងទៀត គឺមកទីនេះមានមួយកំផ្លេរតែម្តង។
យានដ្ឋានវិស្វករឡានលឹមសុជា មានអាសយដ្ឋានតាមបណ្តោយផ្លូវជាតិលេខ៣ ស្ថិតក្នុងភូមិព្រៃស្រឡែង ឃុំទួលអំពិល ស្រុកបរសេដ្ឋ ខេត្តកំពង់ស្ពឺ។ លោកវេជ្ជបណ្ឌិត ជា សុខលឹម បានឱ្យដឹងថា ការសម្រេចចិត្តយកទីតាំងនេះ បើកដំណើរការអាជីវកម្មដោយសារតំបន់នេះ មានសក្តានុពលមានប្រជាជនរស់នៅច្រើន ជាពិសេសផ្លូវជាតិលេខ៣ បានស្ថាបនាឡើងវិញ មានភាពងាយស្រួល ក្នុងការធ្វើដំណើរ ហើយបងប្អូននៅស្រុកបសេដ្ឋនេះ ក៏មានជីវភាពធូរធារច្រើនដោយផ្ទះខ្លះមានរថយន្តប្រើប្រាស់ដល់ទៅ២គ្រឿងក៏មាន។
បើតាម លោកសួន រុន អភិបាលរងស្រុកបរសេដ្ឋនៃខេត្តកំពង់ស្ពឺ, ស្រុកបរសេដ្ឋនេះមានចំនួន១៥ឃុំ ដែលមានប្រជាជនប្រកបមុខរបរផ្សេងៗគ្នា។អ្នកស្រុកបរសេដ្ឋមានជីវភាពធូរធារច្រើនដោយសារការរីកចំរើនផ្នែកសេដ្ឋកិច្ច ហើយនៅទីនេះផ្ទាល់មានការអភិវឌ្ឍន៍ជាបន្តបន្ទាប់ មានរោងចក្រឧស្សាហកម្មជាច្រើន បានកំពុងលេចចេញជារូបរាងជាបណ្តើរៗ ដែលបានផ្តល់ការងារដល់ប្រជាជនមូលដ្ឋាន និងទទួលចំណូលសម្រាប់ប្រជាជនម្នាក់ជាមធ្យមពី២០០ដុល្លារទៅ៣០០ដុល្លារក្នុងមួយខែ។
ទាក់ទងនឹងអាជីវកម្មយានដ្ឋានជួសជុលរថយន្តវិញ លោកសួន រុន អភិបាលរងស្រុកបរសេដ្ឋ បានបញ្ជាក់ថា នៅទីនេះមានយានដ្ឋានជួសជុលរថយន្តដែលមានលក្ខណៈបច្ចេកទេសទំនើបៗ បានដំណើរការជាបណ្តើរៗ ហើយដែលរហូតមកពេលនេះមានយានដ្ឋានចំនួនជិត៣០ ទីតាំងកំពុងប្រកបអាជីវកម្ម។
គួរបញ្ជាក់ថា នៅកម្ពុជា មានយានដ្ឋានជួសជុលរថយន្តជាច្រើន បានបើកដំណើរការស្របពេល ដែលមានការប្រើប្រាស់រថយន្តជាច្រើន ហើយការជ្រើសរើសយកយានដ្ឋានជួសជុលគឺជារឿងចាំបាច់បំផុត ដើម្បីប្រសិទ្ធភាពរថយន្តប្រើប្រាស់បានយូរ៕