(ភ្នំពេញ)៖ សហព័ន្ធកីឡាកាយសម្ព័ន្ធកម្ពុជា គ្រោងជួលគ្រូបង្វឹកកម្រិតខ្ពស់ជនជាតិរុស្ស៊ី មកពង្រឹងការហ្វឹកហាត់ដល់កីឡាករ-កីឡាការិនីជម្រើសជាតិ ដើម្បីសម្រួចសមត្ថភាពកម្រិតខ្ពស់ ត្រៀមការប្រកួតកីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ នៅកម្ពុជា។ នេះបើតាមការឲ្យដឹងពីលោក ណយ ផាណា អគ្គលេខាធិការសហព័ន្ធ។

លោក ណយ ផាណា បានបញ្ជាក់ថា កាលពីថ្មីៗនេះសហព័ន្ធ បានប្រជុំជាមួយគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា ក៏ដូចជាគណៈកម្មាធិការជាតិ CAMSOC ដើម្បីពិភាក្សាអំពីការជួលគ្រូបង្វឹកកម្រិតខ្ពស់ មកបំប៉នការហ្វឹកហាត់ និងបច្ចេកទេសបន្ថែម ឆ្ពោះទៅរកគុណផលកម្រិតខ្ពស់សម្រាប់ត្រៀមស៊ីហ្គេម ឆ្នាំ២០២៣ ក៏ដូចជាត្រៀមការប្រកួតអន្ដរជាតិនានា មុនស៊ីហ្គេមនៅកម្ពុជា ពិសេសស៊ីហ្គេម ឆ្នាំ២០២១ នៅវៀតណាមជាដើម។

ប៉ុន្ដែដោយសារវិបត្តិកូវីដ-១៩ បានធ្វើឲ្យផែនការនាំយកគ្រូបង្វឹកបរទេសមកបង្ហាត់ក្នុងស្រុកជួបការលំបាក តែសហព័ន្ធកំពុងធ្វើការងារនេះជាប់ជាមួយថ្នាក់ដឹកនាំ NOCC និង CAMSOC ដើម្បីស្វែងរកដំណោះស្រាយ ដូចជាការធ្វើចត្ដាឡីស័កជាដើម ត្រូវរៀបចំកន្លែងស័ក្តិសមមួយសម្រាប់គ្រូបង្វឹកកម្រិតខ្ពស់។ សហព័ន្ធសង្ឃឹមថា នឹងទទួលបានដំណោះស្រាយក្នុងពេលឆាប់ៗ ដើម្បីនាំយកគ្រូបង្វឹកខាងលើ មកកម្ពុជានាខែកក្កដាខាងមុខ។

អគ្គលេខាធិការសហព័ន្ធដដែលបន្ដថា គ្រូបង្វឹកដែលសហព័ន្ធគ្រោងនាំយកមកពង្រឹងការហ្វឹកហាត់កីឡាករ-កីឡាការិនីកម្ពុជាលើវិញ្ញាសាអេរ៉ូប៊ិច គឺមកពីរុស្ស៊ីដែលលោកបានព្រមព្រៀងជាមួយសហព័ន្ធ បន្ទាប់ពីមានការសម្របសម្រួលពីសហព័ន្ធកីឡាកាយសម្ព័ន្ធរុស្ស៊ីកាលពីថ្មីៗ ដោយកម្ពុជា គ្រោងជួលគ្រូបង្វឹកនេះ រហូតដល់ស៊ីហ្គេម ឆ្នាំ២០២៣។ តែយ៉ាងណាសហព័ន្ធ ក៏ត្រូវរង់ចាំមើលសមិទ្ធផលជាក់ស្ដែង ក្រោយការបង្ហាត់របស់លោកសិនដែរ។

សូមបញ្ជាក់ថា បច្ចុប្បន្នសហព័ន្ធកីឡាកាយសម្ព័ន្ធកម្ពុជា នៅមិនទាន់មានការប្រមូលផ្ដុំហ្វឹកហាត់នោះទេ ពិសេសក្រុមជម្រើសជាតិ ដោយអំឡុងវិបត្តិកូវីដ-១៩ សហព័ន្ធបានរៀបចំការហ្វឹកហាត់លក្ខណៈស្វ័យបុគ្គលជាបណ្ដោះអាសន្ន នៅពហុកីឡដ្ឋានជាតិមរតកតេជោ បន្ទាប់ពីទីតាំងហ្វឹកហាត់នៅសាលដំបូលទូក នៃពហុកីឡដ្ឋានជាតិ ត្រូវបានរាជរដ្ឋាភិបាល សម្រេចយកធ្វើជាកន្លែងព្យាបាលអ្នកជំងឺកូវីដ-១៩ កម្រិតស្រាលកាលពីថ្មីៗកន្លងទៅ៕