(អាមេរិក)៖ រូបសំណាកប៉ើងសំពត់របស់អតីតកំពូលតារាហូលីវូដ Marilyn Monroe (ម៉ារីលីន ម៉នរ៉ូ) បាននឹងកំពុងតែទទួលការចាប់អារម្មណ៍យ៉ាងខ្លាំង ពីសំណាក់ភ្ញៀវទេចរណ៍ ដោយនាំគ្នាទៅទស្សនា និងផ្តិតយករូបភាពជាហូរហែ ខណៈរូបចម្លាក់នេះត្រូវបានតំឡើងជាផ្លូវការនៅខែមិថុនានេះ។

បើតាមការចេញផ្សាយដោយសារព័ត៌មាន Reuters នាពេលថ្មីៗនេះបានឲ្យដឹងថា រូបសំណាករបស់អតីតកំពូលតារាហូលីវូដ Marilyn Monroe ក្នុងរ៉ូបពណ៌ស និងមានសភាពប៉ើងសំពត់នេះ គឺមានកំពស់៨ម៉ែត្រ ត្រូវបានតំឡើងនៅមុខសារមន្ទីរសិល្បៈទីក្រុង Palm Srings ក្នុងរដ្ឋកាលីហ្វរញ៉ា ដែលជាតំបន់រមណីយដ្ឋានទេសចរណ៍ដ៏ទាក់ទាញមួយ។

បន្ទាប់ពីដាក់តាំងបង្ហាញជាផ្លូវការ កាលពីថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២១កន្លងទៅនេះ គឺមានមានភ្ញៀវទេសចរចូលមកថតរូបជាច្រើន ប៉ុន្តែក្នុងនោះក៏មានមតិរិះគន់ផងដែរ ដោយអះអាងថារូបសំណាកនេះជារូបមិនសមរម្យ និងមិនសក្ដិសមក្នុងការយកទៅដាក់បាំងច្រកចូលរបស់សារមន្ទីរ។

គួរជម្រាបថា រូបសំណាករបស់អតីតកំពូលតារាហូលីវូដ Marilyn Monroe ខាងលើនេះ ត្រូវបានសាងសង់ឡើយ ដោយដកស្រង់ពីឈុតឆាកមួយក្នុងខ្សែភាពយន្ត «The Seven Year Itch» ខណៈរូបសំណាកនេះ ត្រូវបានគេចាត់ទុកថា ជាក្តីសង្ឃឹមសម្រាប់វិស័យទេសចរណ៍ និងអាជីវកម្ម ព្រោះវាបានទាក់ទាញអ្នកទេចរណ៍មកទៅទស្សនា ដែលជាផ្នែកមួយជំរុញការលក់ផលិតផលនានា បន្ទាប់ពីការរាតត្បាតជំងឺកូវីដ-១៩៕