(ភ្នំពេញ)៖ លោក ថោង ខុន រដ្ឋមន្ដ្រីក្រសួងទេសចរណ៍ និងជាប្រធានគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) បានចូលរួមអបអរសាទរកីឡាការិនីស្នូកឃ័រជម្រើសជាតិកម្ពុជា ស្រួង ភាវី ដែលទើបដណ្ដើមបានជើងឯកក្នុងការប្រកួតកីឡាស្នូកឃ័រការ៉ុមកម្រិតពិភពលោ Blue One Resort LPBA Championship (ផ្នែកនារី) នៅសាធារណរដ្ឋកូរ៉េកាលពីដើមសប្ដាហ៍កន្លងទៅ។
លោករដ្ឋមន្ដ្រី ថោង ខុន បានសម្ដែងនូវក្ដីរីករាយ និងមោទនភាព ចំពោះកិច្ចខិតខំប្រឹងប្រែង រហូតដណ្ដើមបានពានរង្វាន់ ក្នុងព្រឹត្តិការណ៍អន្ដរជាតិជាច្រើនរបស់លោកស្រី ស្រួង ភាវី ពិសេសការទទួលបានជោគជ័យកាន់តែធំ ក្នុងការគ្រងជើងឯកពានរង្វាន់កម្រិតពិភពលោក Blue One Resort LPBA Championship ដែលជាការនាំមកនូវកិត្តិយសដ៏ឧត្តុង្គឧត្តមសម្រាប់ប្រទេសជាតិ ហើយជាគំរូដ៏ល្អសម្រាប់កីឡាករ-កីឡាការិនី និងយុវជននាពេលនេះ។
ប៉ុន្ដែគួរឲ្យស្ដាយដោយសារវិញ្ញាសាដែល ស្រួង ភាវី កំពុងប្រកបអាជីព គឺកីឡាស្នូកឃ័រការ៉ុម (ស្នូកឃ័រអាជីព) ពុំមានក្នុងការប្រកួតកីឡាស៊ីហ្គេម ហេតុនេះលោករដ្ឋមន្ដ្រីសង្ឃឹមថា លោកស្រីនឹងខិតខំហ្វឹកហាត់បន្ថែមលើប្រភេទវិញ្ញាសា ដែលមានក្នុងព្រឹត្តិការណ៍ស៊ីហ្គេម ដើម្បីពង្រឹងសមត្ថភាពឆ្ពោះទៅដណ្ដើមមេដាយ និងកិត្តិយសជូនជាតិកាន់តែច្រើនថែមទៀត ពិសេសរួមដំណើរឆ្ពោះទៅស៊ីហ្គេម ឆ្នាំ២០២៣ នៅកម្ពុជា។ លោក ថោង ខុន បន្ថែម។
សូមរំឮកថា លោកស្រី ស្រួង ភាវី បានគ្រងជើងឯកពានរង្វាន់ Blue One Resort LPBA Championship បន្ទាប់ពីឆ្លងកាត់ការប្រកួតដ៏ស្វិតស្វាញជាង ១សប្ដាហ៍ចាប់ពីថ្ងៃទី១៤-២១ ខែមិថុនា ឆ្នាំ២០២១ ពិសេសនៅវគ្គផ្ដាច់ព្រ័ត្រ កីឡាការិនីមានប្រភពពីខេត្តត្បូងឃ្មុំរូបនេះបានវាយបកយកឈ្នះកីឡាការិនីម្ចាស់ផ្ទះ Kim Gayoung ដោយលទ្ធផល ៣-១សិត (១១-៤, ១១-៤, ១១-១០ និង ១១-៩ពិន្ទុ) ដើម្បីគ្រងជើងឯក អមជាមួយប្រាក់រង្វាន់ ២០លានវ៉ុន (ប្រមាណ ១៧,៥៧៩ដុល្លារ)។
អ្វី ភាវី បានចាត់ទុកសមិទ្ធផលនេះគឺជាមោទនភាព និងជាកាដូថ្មីមួយទៀតសម្រាប់ប្រទេសកម្ពុជា និងប្រជាជនកម្ពុជា ក៏ដូចជាអ្នកគាំទ្ររបស់លោកស្រីនៅសាធារណរដ្ឋកូរ៉េ បន្ទាប់ពីលោកស្រីបានសម្រេចចិត្តចូលរួមការប្រកួតលើកដំបូង ក្នុងព្រឹត្តិការណ៍កម្រិតពិភពលោកនេះ។ ទន្ទឹមជាមួយគ្នា ក៏មានប្រជាពលរដ្ឋកូរ៉េជាច្រើនបានសម្ដែងការភ្ញាក់ផ្អើល និងមានមោទនភាពចំពោះលោកស្រី ដែលអាចគ្រងជើងឯកពានដ៏ធំនេះ ពិសេសការយកឈ្នះកីឡាការិនីមានបទពិសោធជាង ២០ឆ្នាំ Kim Gayoung តែម្ដង។
គួរបញ្ជាក់ថា រយៈពេលជាង ១០ឆ្នាំមកហើយដែលលោកស្រី ស្រួង ភាវី បានទៅរស់នៅសាធារណរដ្ឋកូរ៉េ ជាមួយស្វាមីដែលជាជនជាតិកូរ៉េ។ បន្ទាប់មកលោកស្រី បានចាប់ផ្ដើមអាជីពជាកីឡាការិនីស្នូកឃ័រប្រភេទការ៉ុម និងបានកសាងកេរ្ដិ៍ឈ្មោះល្បីរន្ទឺនៅកូរ៉េ និងកម្ពុជា តាមរយៈការដណ្ដើមបានមេដាយក្នុងព្រឹត្តិការណ៍ធំៗជាច្រើននៅកូរ៉េ និងលើឆាកអន្ដរជាតិទាំងកម្រិតអាស៊ី និងជើងឯកពិភពលោក៕