(កូរ៉េ)៖ លោក Hwang Hee ដែលជារដ្ឋមន្ត្រីនៃក្រសួងវប្បធម៌ កីឡា និងទេសចរណ៍ របស់កូរ៉េខាងត្បូង នាពេលថ្មីៗនេះ បានឆ្លើយតបទៅនឹងសំណួររបស់មហាជន អំពីការពន្យាពេលចូលបម្រើយោធារបស់ក្រុមចម្រៀង K-POP បុរសល្បីឈ្មោះ BTS។ តាមរយៈនោះ លោក Hwang Hee បានសង្កត់ធ្ងន់ថា ការពន្យាពេលនឹងអាចធ្វើទៅបាន បើក្រុមចម្រៀងមួយនេះស្នើសុំ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន K star Live នៅថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២១។
លោក Hwang Hee បានចេញសេចក្តីថ្លែងការណ៍មួយ កាលពីថ្ងៃទី២៣ ខែមិថុនា កន្លងទៅនេះថា «បើទោះបីជាពួកគេមិនបានស្នើសុំក្តី ប៉ុន្តែខ្ញុំគិតថា ការពន្យាពេលចូលបម្រើយោធាគួរតែត្រូវផ្តល់ឲ្យ ប្រសិនបើពួកគេស្នើសុំ»។
គួរជម្រាបថា ប្រព័ន្ធស្តីពីការពន្យាពេលចូលបម្រើកាតព្វកិច្ចយោធាថ្មី គឺត្រូវបានអនុញ្ញាត សម្រាប់សិល្បករណា ដែលចូលរួមយ៉ាងសំខាន់ ក្នុងការផ្សព្វផ្សាយវប្បធម៌របស់ប្រទេសកូរ៉េទៅកាន់ពិភពលោក ពោលត្រូវបានអនុញ្ញាតឲ្យពន្យាពេលរហូតដល់អាយុ៣០ឆ្នាំ ខណៈជាទូទៅបុរសដែលមានវ័យដល់១៧ឆ្នាំ នឹងត្រូវចូលបម្រើយោធា ក្នុងរយៈពេលកំណត់ណាមួយ។
ទន្ទឹមគ្នានេះ លោក Jin ដែលជាសមាជិកមានវ័យច្រើនជាគេប្រចាំក្រុម គឺកើតក្នុងខែធ្នូ ឆ្នាំ១៩៩២ នឹងឈានចូលដល់វ័យ២៩ឆ្នាំ ក្នុងឆ្នាំនេះហើយ៕