(អាមេរិក)៖ ក្រុមហ៊ុន Microsoft បានប្រកាសបង្ហាញ Windows 11 ជាផ្លូវការ និងបានធ្វើឱ្យអ្នកគាំទ្រ ក៏ដូចជា ពិភពលោក មានការភ្ញាក់ផ្អើលយ៉ាងខ្លាំងជាមួយនឹងរូបរាង និងសមត្ថភាពដ៏អស្ចារ្យ និងសម្បូរបែបរបស់វា។

យោងតាមការចេញផ្សាយរបស់សារព័ត៌មាន Reuters នៅថ្ងៃទី២៥ ខែមិថុនា បានឱ្យដឹងថា Windows 11 ត្រូវបានក្រុមហ៊ុន Microsoft ប្រកាសបង្ហាញជាផ្លូវការនៅថ្ងៃទី២៤ ខែមិថុនាម្សិលមិញនេះ ដោយបានធ្វើការរចនាម៉ូដឡើង ក្រោមរូបរាងថ្មី ប៉ុន្តែបើយើងក្រឡេកមើលមួយភ្លេតគឺស្រដៀងនឹង Mac OS របស់ក្រុមហ៊ុន Apple។

ក្រុមហ៊ុន Microsoft បានប្រកាសឱ្យដឹងថា Windows 11 ត្រូវបានបង្កើតឡើងដោយយកចិត្តទុកដាក់បំផុត និងជាពិសេសគឺបង្កើតឡើងដោយបំពេញគ្រប់តម្រូវការនាពេលបច្ចុប្បន្ន ដោយក្នុងនោះមាន Store, Game និងមុខងារ ជាច្រើនទៀតដ៏សម្បូរបែប។

រូបរាងថ្មីនៃ Windows 11 នេះ គឺត្រូវបាន Update ចេញពី Windows 10 ដោយគ្រាន់តែ Microsoft បានដាក់បញ្ចូល នូវមុខងារ និងកម្មវិធីជាច្រើនទៀតដើម្បីឱ្យវាក្លាយជាប្រព័ន្ធប្រតិបត្តិការមួយដែលអស្ចារ្យបំផុតប្រចាំឆ្នាំ។

គួរបញ្ជាក់ផងដែរថា ថ្មីៗនេះ ក្រុមហ៊ុន Microsoft បានប្រកាសនឹងបញ្ឈប់ការប្រើប្រាស់ប្រព័ន្ធដំណើរការ Windows 10 នៅក្នុងឆ្នាំ២០២៥ បន្ទាប់ពីដាក់ឱ្យប្រើប្រាស់បានរយៈពេល ១០ឆ្នាំ៕