(ប៊ូដាប៉េស)៖ នៅទីបំផុតក្រុមបាល់ទាត់ជម្រើសជាតិបារាំង និងព័រទុយហ្គាល់ សុទ្ធតែទទួលបានកៅអីម្នាក់១ ដើម្បីឡើងទៅលេងវគ្គបន្តដូចៗ និងពេលរកបានម្នាក់ ១ពិន្ទុពីការប្រកួតស្មើ ២-២ នៅថ្ងៃបិទបញ្ចប់ពូល F ចុងក្រោយគេនារាត្រីឈានចូលថ្ងៃព្រហស្បតិ៍ ទី២៤ ខែមិថុនា ឆ្នាំ២០២១។

ក្រុមមាន់គកបារាំង បានបញ្ចប់ក្នុងតំណែងកំពូលតារាង ដោយមាន ៥ពិន្ទុក្នុងដៃពីការលេង ៣ប្រកួតសន្សំពិន្ទុនៃពូល F មិនដែលចាញ់ ពោលគឹឈ្នះ១ និងស្មើ ២ដង បន្តក្តីសង្ឃឹមឡើងទៅវគ្គ ១៦ក្រុមជាបន្តទៀតសម្រាប់ពានរង្វាន់ជើងឯកអឺរ៉ុប UEFA Euro 2020 ដោយត្រូវប៉ះដោយត្រូវប៉ះគូប្រជែងស្វីស ដែលជាក្រុមលេខ៣ ល្អចេញពីពូល A នាថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២១ នៅកីឡដ្ឋានដែលស្ថិតក្នុងទីក្រុង Bucharest ប្រទេសរ៉ូម៉ានី។

ចំណែកឯកព័រទុយហ្គាល់ ដែលជាក្រុមការពារតំណែងជើងឯកដែលពួកគេឈ្នះពាន Euro ដំបូងក្នុងឆ្នាំ២០១៦ នោះ ត្រូវប៉ះក្រុមជម្រើសជាតិប៊ែលហ្សិក ដែលបញ្ចប់ក្នុងចំណាត់ថ្នាក់លេខ១ ចេញពីពូល B ធ្វើឡើងនាថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២១ នៅឯកីឡដ្ឋានដែលស្ថិតក្នុងទីក្រុង Seville ប្រទេសអេស្ប៉ាញ។

គួរបញ្ជាក់ផងថា ការប្រកួតបញ្ចប់សន្សំពិន្ទុក្នុងពូលយប់មិញនេះ ក៏បានរកឃើញក្រុមលេខ៣ ល្អបំផុតទាំង ៤ពូលផងដែរក្នុងចំណោម ៦ពូលស្មើនឹង ២៤ក្រុមដែលលេងនៅ Euro 2020 នេះរួមមានក្រុមជម្រើសជាតិព័រទុយហ្គាល់ សាធារណរដ្ឋឆេក ស្វីស និងអ៊ុយក្រែន ដ្បិហ្វាំងឡង់ និងស្លូវ៉ាគី បានត្រឹមខកចិត្តត្រឡប់ទៅផ្ទះវិញ ដោយរកបាន ៣ពិន្ទុស្មើនឹងអ៊ុយក្រែនដែរ តែជំពាក់គ្រាប់រដ្ឋច្រើន៕