(ក្រុងរីយ៉ូ)៖ ខ្សែប្រយុទ្ធពាក់លេខ១០ Neymar រកបាន ១គ្រាប់ក្នុងជ័យជម្នះ ៤-០ របស់ក្រុមសាំបាប្រេស៊ីលទៅលើប៉េរូ ក្នុងប្រកួតវគ្គសន្សំពិន្ទុប្រចាំពូល B នៅពានរង្វាន់ប្រចាំតំបន់អាមេរិកឡាទីន Copa America 2020 ដែលមានប្រេស៊ីលធ្វើម្ចាស់ផ្ទះ។
នេះជាជ័យជម្នះលើកទី២ របស់ពួកគេជាប់ៗគ្នាផងដែររបស់ក្រុមការពារតំណែងជើងឯក Copa America 2018 នៅក្រោយពេលបំបាក់គូប្រជែងវេណេហ្សូអេឡា ៣-០ កាលពីថ្ងៃបើកឆាក គ្រាដែលកីឡាកររបស់ក្លិប Paris Saint-Germain ក៏រកបាន ១គ្រាប់ផងដែរនៅនាទី៦៤ ដោយបាល់ពិន័យ ១១ម៉ែត្រ។
១គ្រាប់នាព្រឹកថ្ងៃសុក្រ ទី១៨ ខែមិថុនា ឆ្នាំ២០២១ (ម៉ោងនៅកម្ពុជា) Neymar ធ្វើបានគ្រាប់ទី២ នៃការប្រកួតទល់នឹងប៉េរូ ក្នុងនាទី៦៨ ពីការបញ្ជូនរបស់មិត្តរួមក្រុម Fred ដែលកំពុងលេងឲ្យក្លិបអង់គ្លេស Manchester United ជាមួយនឹង Alex Sandro, Everton Ribeiro និង Richarlison សុទ្ធតែរកបានម្នាក់ ១គ្រាប់ដូចៗគ្នា។
តាមរយៈជ័យជម្នះនេះដែរ បានធ្វើប្រេស៊ីលបន្តឈរនៅកំពូលតារាងយ៉ាងរឹងមាំជាមួយ ៦ពិន្ទុពេញពុំទាន់របូត ១គ្រាប់ក្នុងចំណោម ៥ប្រកួតពីក្នុងពូល B រួមមានប្រេស៊ីល កូឡុំប៊ី ប៉េរូ វេណេហ្សូអេឡា និងអេក្វាទ័រ ដែលជ្រើសរើសយក ៤ក្រុមដើម្បីឡើងទៅលេងវគ្គ ៨ក្រុមចុងក្រោយ នៅពេលបញ្ចប់វគ្គសន្សំទាំងពីរពូល A និង B រួចមក៕