(កូរ៉េ)៖ កម្មវិធី «BTS 2021 MUSTER» ដែលប្រារព្ធធ្វើឡើង ដើម្បីអបអរសាទរខួបលើកទី៨ឆ្នាំ របស់ក្រុមចម្រៀង K-POP បុរសល្បីឈ្មោះប្រចាំប្រទេសកូរ៉េខាងត្បូង BTS ត្រូវបានប្រកាសរៀបចំឡើងនាពេលឆាប់ៗខាងមុខនេះ ខណៈជារៀងរាល់ឆ្នាំ គឺមានការប្រគំតន្រ្តី ដែលមានការសម្តែងបទចម្រៀងថ្មីៗ រួមបញ្ចូលទាំងសកម្មភាពគួរឲ្យចាប់អារម្មណ៍ជាច្រើនរបស់ក្រុមនេះ។

តាមការចេញផ្សាយរបស់សារព័ត៌មាន allkpop នៅថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២១ បានឲ្យដឹងថា សម្រាប់កម្មវិធី កម្មវិធី «BTS 2021 MUSTER» សម្រាប់ឆ្នាំនេះ នឹងធ្វើឡើងចាប់ពីថ្ងៃទី១៣-១៤ ខាងមុខនេះ ចាប់ពីវេលាម៉ោង៤៖៣០ល្ងាច តាមរយៈ Online Streaming ពោលគឺមិនមានការទស្សនាផ្ទាល់ដូចរាល់ដងឡើយ ដោយសារតែជំងឺកូវីដ-១៩។

តាមរយៈរូបភាពដែលត្រូវបានបង្ហោះលើបណ្តាញអិនធើណែត ពីការរៀបចំនានានៃកម្មវិធីដើម្បីអបអរសាទរខួបលើកទី៨ឆ្នាំ របស់ BTS នឹងត្រូវធ្វើឡើងនៅក្រៅពហុកីឡាដ្ឋាន Jamsil ដែលធ្វើឲ្យអ្នកគាំទ្ររំជួលចិត្តជាខ្លាំង។

ជាពិសេសនៅពេលនេះ គាំទ្រនៅប្រទេសកូរ៉េ កំពុងតែបង្ហោះសារជាបន្តបន្ទាប់នៅលើ Twitter ដោយសង្ឃឹមថា ផលិតកម្មរបស់ BTS នឹងអនុញ្ញាតិឲ្យពួកគេដែលបានទទួលវ៉ាកសាំងបង្ការជំងឺកូវីដ-១៩ រួចរាល់ អាចចូលទស្សនាដោយផ្ទាល់បាន។ តែយ៉ាងណា នៅមិនទាន់មានការឆ្លើយតបពីខាងផលិតកម្មនៅឡើយទេ៕