(អាមេរិក)៖ ក្រុមហ៊ុន e-commerce របស់ឥណ្ឌា Flipkart និងជាបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុនលក់ទំនិញអាមេរិក Walmart ថ្មីៗនេះ គ្រោងបង្កើនទុនវិនិយោគថ្មីចំនួន ៣ពាន់លានដុល្លារ ដោយនឹងស្នើសុំពី SoftBank Group Corp និង អ្នកវិនិយោគផ្សេងៗទៀត។

យោងតាមការចេញផ្សាយរបស់សារព័ត៌មាន Reuters នៅថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០២១ បានឱ្យដឹងថា ក្រុមហ៊ុនលក់ទំនិញតាមអនឡាញដ៏ល្បីរបស់ឥណ្ឌា Flipkart គ្រោងប្រមូលដើមទុកវិនិយោគបន្ថែមទៀតពីសំណាក់ អ្នក វិនិយោគ មួយចំនួន ដោយក្នុងនោះមាន SoftBank Group Corp, Singapore's GIC Pte., Canada Pension Plan Investment Board និង Abu Dhabi Investment Authority ដើម្បីយកមកពង្រីកអាជីវកម្មបន្ថែម ខណៈដែល បច្ចុប្បន្ន Flipkart មានតម្លៃនៅលើទីផ្សាររហូតដល់ ៤០ពាន់លានដុល្លារអាមេរិក។

ប្រភពដែលជិតស្និទ្ធបានបង្ហើបឱ្យដឹងថា SoftBank អាចនឹងវិនិយោគនូវទឹកប្រាក់ប្រមាណ ៣០០ ទៅ៥០០លានដុល្លារ អាមេរិក ដែលអាចនិយាយបានថា ជាការបោះទុនវិនិយោគថ្មីដែលមានទំហំទឹកប្រាក់ច្រើនជាងគេ។

គួរបញ្ជាក់ផងដែរថា Flipkart ត្រូវបានបង្កើតឡើងកាលពីឆ្នាំ២០០៧ ជាវេបសាយលក់សៀវភៅអនឡាញ និងក្រោយមក បានពង្រីកខ្លួនក្លាយជាវេបសាយលក់ទំនិញអនឡាញដ៏ល្បីនៅក្នុងប្រទេសឥណ្ឌា ហើយក្រោយមកនៅឆ្នាំ២០១៨ ក្រុមហ៊ុន លក់ទំនិញអាមេរិក Walmart បានទិញយកភាគហ៊ុនរបស់ Flipkart ចំនួន ៧៧ភាគរយ ក្នុងតម្លៃ ១៦ពាន់លានដុល្លារ អាមេរិក៕