(អាមេរិក)៖ បុគ្គលិកក្រុមហ៊ុន Apple ជាច្រើននាក់មិនសប្បាយចិត្ត និងទាមទារឱ្យក្រុមហ៊ុនធ្វើការពិចារណាឡើងវិញ នូវ គោលការណ៍ប្រកាសហៅបុគ្គលិកឱ្យត្រឡប់មកធ្វើការនៅការិយាល័យវិញ ទាំងដែលស្ថានភាពនៃការរីករាលដាល់ជំងឺកូវីដ-១៩នៅមិនទាន់ធូរស្រាល។
យោងតាមការចេញផ្សាយរបស់សារព័ត៌មាន Yahoo នៅថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០២១ បានឱ្យដឹងថា មានបុគ្គលិក Apple ជាច្រើននាក់ បានសរសេរសំបុត្រផ្ញើទៅកាន់លោក Tim Cook នាយកប្រតិបត្តិ Apple ឱ្យពិចារណាឡើងវិញ ពាក់ព័ន្ធនឹង ការប្រកាសហៅបុគ្គលិកឱ្យត្រឡប់មកធ្វើការនៅការិយាល័យវិញ។
បុគ្គលិកទាំងនោះបានសរសេរដោយសង្កត់ធ្ងន់ថា សកម្មភាពដែលក្រុមហ៊ុន Apple មិនធ្វើគឺជាទង្វើ «សកម្មភាពមិនអើពើ ចំពោះសុខទុក្ខសុវត្ថិភាពរបស់បុគ្គលិក» ពីសំណាក់ថ្នាក់គ្រប់គ្រង និងថ្នាក់ដឹកនាំ ខណៈដែលពួកគេបានផ្ដល់ជាយោបល់ថា ការធ្វើការងារពីផ្ទះគឺវាផ្ដល់សុវត្ថិភាពខ្ពស់ ហើយចំពោះប្រសិទ្ធិភាពការងារ ក៏មិនបានបញ្ជាចោទដែរ កន្លងមកគឺពួកគេគ្រប់គ្នា ធ្វើវាបានយ៉ាងល្អ។
ចំណែកបុគ្គលិកមួយក្រុមទៀតបានលើកឡើងថា Apple មិនបានបញ្ជាក់លម្អិតពីលក្ខខណ្ឌដែលត្រូវហៅពួកគេត្រឡប់ទៅវិញនោះទេ ពោលដូចជាប្រាក់បៀវត្ស ប្រាក់បន្ថែមម៉ោង សេវាសុខភាពសាធារណៈ សេវាធានារ៉ាប់រង់ ជាដើម ខណៈដែលជំងឺកូវីដ-១៩ នៅតែបន្តរីករាលដាល និងមិនទាន់ថមថយ៕