(ម៉ាឌ្រីដ)៖ ខ្សែបម្រើប្រយុទ្ធ Sergio Busquets ដែលជាប្រធានក្រុមនៃជម្រើសជាតិអេស្ប៉ាញនោះ បានតេស្តវិជ្ជមាននៃជំងឺ Covid-19 នៅមុនពេល ៨ថ្ងៃទៀតអេស្ប៉ាញត្រូវលេងពាន Euro 2020។
កីឡាករដែលត្រូវជ្រើសរើសចេញពីក្លិបអាជីព FC Barcelona ខាងលើនេះក៏បានចូលលេងផងដែរ ពេលអេស្ប៉ាញបញ្ចប់ក្នុងលទ្ធផលស្មើគ្នា ០-០ ទល់នឹងព័រទុយហ្គាល់កាលពីរាត្រីថ្ងៃសុក្រសប្តាហ៍មុនក្នុងជំនួបមិត្តភាពអន្តរជាតិនៅទីក្រុង Madrid។
លទ្ធផលតេស្តវិជ្ជមាននេះដែរ បានបង្ខំឲ្យអ្នកចាត់ក្រុម លោក Luis Enrique ដកឈ្មោះ Busquets ចេញពីជម្រើសជាតិអេស្ប៉ាញ ពេលប៉ះលីទុយអេនីក្នុងមិត្តភាពចុងក្រោយនារាត្រីថ្ងៃអង្គារស្អែកនេះ មុនទៅលេង Euro 2020 ជាផ្លូវការ។
អេស្ប៉ាញ ដែលស្ថិតក្នុងពូល E សម្រាប់ Euro 2020 នោះ នឹងចាប់ផ្តើមប្រកួតដំបូងទល់នឹងស៊ុយអែត នៅទីក្រុង Seville នាថ្ងៃទី១៤ ខែមិថុនា មុនពេលលេងជាមួយប៉ូឡូញនៅ ៥ថ្ងៃបន្ទាប់ និងថ្ងៃទី២៣ ខែមិថុនាត្រូវប៉ះស្លូវ៉ាគី៕