(ភ្នំពេញ)៖ អ្នកជំនាញអារ្យធម៌ខ្មែរ លោក រ័ត្ន សណ្ដាប់ បានហៅទង្វើអួតក្អេងក្អាងរបស់លោក សម រង្ស៉ី ដែលបានស្ពាយនាឡិកាដៃម៉ាក Casio របស់ខ្លួនដើរលក់ប័ណ្ណផ្សងសំណាងក្នុងតម្លៃ ៥ដុល្លារមួយ សន្លឹក ហើយធ្វើការចាប់ប័ណ្ណផ្សងសំណាងក្រោមលេសនៃនិមិត្ដរូបលាភសំណាងនោះ គឺមិនខុសពីរឿងព្រេងខ្មែរ «អាដូរដាវ» នោះទេ។

លោក រ័ត្ន សណ្ដាប់ បានបន្ដទំាងអស់សំណើចថាចំពោះគំនិតលោក សម រង្ស៉ី ស្ពាយនាទ្បិកាដៃរបស់ខ្លួនដើរលក់ប័ណ្ណនេះ គឺរវាងអ្នកលក់ (សម រង្ស៉ី) និងអ្នកទិញប័ណ្ណនាទ្បិ កា (សកម្មជនខ្លួន) នេះ គឺមិនខុសពីរឿងព្រេងខ្មែរ អាដូរដាវ ដែលបានដំណាលរវាងមនុស្សពីរនាក់ ឬពីរក្រុមដែលមានឈ្មោះអាខិលអាខូច រស់នៅស្រុកទីទៃពីគ្នា ដោយម្នាក់ៗគិតថាខ្លួនឆ្លាតក្នុងការកស៉ីទុច្ចរិត។

សេចក្ដីរឿងនេះបានដំណាលអំពីអាខិលអាខូច ដ៏គួរឲ្យអស់សំណើចថា៖

នាថ្ងៃមួយអាខូចបានជុះអាចម៍ដាក់ពាងដល់ជាច្រើនថ្ងៃទៅក៏ពេញពាង ហើយយកអាចម៍លាក់បិទភ្ជិតយ៉ាងល្អ មិនឱ្យក្លិនចេញក្រៅបាន។ រីឯអាខិលនោះវិញ ក៏បានធ្វើកាំបិត ១ផ្លែប៉ុនចង្កឹះអកកំបោរ ដងប៉ុនកដៃ ស្រោមធំវែង១លូក។

ក្រោយមកអាខិលក៏ស្ពាយកាំបិតដើរទៅលក់ រីឯអាខូចក៏បានពុនពាងអាចម៍ដើរទៅលក់ដូចគ្នា ហើយក៏បានជួបគ្នាកណ្ដាលផ្លូវ។ អាខូចពពាយនាយថា អ្នកកើយទិញផ្អកយកទៅពិសា ផ្អកចាវយ៉ាងល្អ ស្លក៏បាន ចំហុយក៏បាន ឆ្ងាញ់ណាស់មិនធម្មតាទេ។ អាខិលឆ្លើយថា ទាស់នឹងលក់ដាវនេះមិនទាន់ដាច់គ្មានលុយទិញ បើខ្ញុំសុំដូរជាដាវនេះព្រមដូរឬទេ?

អាខូចឃើញដាវនោះវែងក៏ឆ្លើយថាដូរក៏ដូរ។ អាខិលប្រគល់ដាវឱ្យអាខូច ហើយភូតអួតថា ដាវខ្ញុំនេះមុតបំផុត ចិត្តមេដែករបស់ខ្ញុំផង បើត្រូវការ ម្ដងៗសុំហូតកាប់ អ្នកឯងកុំប្រញាប់ហូតមើល កុំហូតលរព្រើលៗ ស៊កទៅវិញមិនចុះទេ ដាវខ្ញុំពូកែខ្ញុំស្ដាយរបស់ខ្ញុំផង បើកុំតែខែនេះវាក្រម្ហូបណាស់ នោះខ្ញុំមិនដូរទេ។

រីឯអាខូចនោះក៏ប្រគល់ពាងអាចម៍ឱ្យអាខិល ហើយហាមថា ផ្អកខ្ញុំហ្នឹងក៏ដែរ ដល់ពេលស៉ីសុំបើកយកចំហុយ កុំអាលបើកមើល ក្រែងវាស្អុយសត្វរុយវាបែង ក្រែងវាធុំខ្មោះ ស៉ីមិនទាន់អស់ វាទៅជាខារឆ្ងាញ់ នឹកឃើញជីដូនជីតាបានតែខ្វារស៉ីឆៅ។ក្រោយពីអួតរៀងៗខ្លួនមក ពួកគេទាំងពីរបែកគ្នាទៅផ្ទះរៀងៗខ្លួន។ ពេលទៅដល់ផ្ទះ អាខិល បានតឿនប្រពន្ធកូនថា ដណ្ដាំបាយទៅអញបានផ្អក ហើយប្រពន្ធកូនថា បានផ្អកពីណា អាខិលថា ដូរដាវ គេថាផ្អកចាវស៉ីទាំងឆៅឆ្ងាញ់ណាស់។ ប្រពន្ធកូនស្រាប់តែអរពេញចិត្តនឹកថា ប្ដីចេះធ្វើកាំបិតទៅដូរផ្អក ស្ទុះភ្លែតទៅលាងចានដួសបាយ ហើយ កាន់កាំបិតចាស់យ៉ាងគំរឹលកកិលទៅជិតពាងផ្អក យកកាំបិតគាស់អាចម៍លាក់នោះរបើកឡើង ហើយលូកខ្វារបាន១ក្ដាប់ដាក់ផ្លាប់ទៅក្នុងចានសល់នៅដៃប៉ុន្មាន ក៏លិឌផ្លប់ភ្លក់មើល ងើយមុខឡើងលើថា យើ! ផ្អកចាវអីក៏ស្អុយដូចអាចម៍ គ្មានឆ្អឹងនឹងសាច់កខ្វេចកខ្វក់ហ្មត់ឈឹងយ៉ាងហ្នឹង តើផ្អកត្រីអ្វី ? ប្ដីថាក្រែងត្រីពោ ប្រពន្ធក៏លូកកូររាវរកក្បាល លូកបានពាក់កណ្ដាលក្អួតចង្អោរជាង២០ វ៉ក ដឹងជាក់ជាអាចម៍មិនមែនផ្អក បកបន្ទោសទៅម្ចាស់ដើមឆ្អើមលេបបាយមិនរួច។

ថ្លែងអំពីអាខូចវិញម្ដង ត្រេកអរណាស់ ដើរទៅផ្ទះក៏អួតប្រាប់ប្រពន្ធថា អាចម៍១ពាងដូរបានដាវ១ដែរ ទទួលខឹងនឹងឆ្កែៗនោះវានោមច្រាស់ស្លឹកគ្រៃ កន្រ្តាក់លោតទៅដល់ដី បម្រុងនឹងកាប់ឆ្កែសម្លាប់ ក៏ចាប់ដងដាវហូតខ្វិច ឃើញផ្លែដាវនោះខ្លីច្រប៉ិចគេច ឡើងទៅលើផ្ទះបង្ហាញឱ្យប្រពន្ធមើលហើយសើចទាំងពីរនាក់ សើចហើយប្រាប់ប្រពន្ធថា ប្រាជ្ញាអានោះស្មើនឹងអញ។ បើដូច្នេះនឹងទៅបបួលវាធ្វើសម្លាញ់ដើម្បីរកស៉ីពីរនាក់តទៅទៀត។

លោក រ័ត្ន សណ្ដាប់ បន្ដទំាងអស់សំណើចទៀតថាបើហេតុនេះចំពោះទង្វើ លោក សម រង្ស៉ី ស្ពាយនាឡិកាដៃរបស់ខ្លួនដើរលក់ប័ណ្ណមិនខុសពីអាខិលអាខូច នោះគឺ៖

១៖ ចំពោះអ្នកផ្សងសំណាងបាននាទ្បិកាដៃរបស់ សម រង្ស៉ី នេះ បើយកទៅប្រើក៏ពុំកើតដែរ ពីព្រោះវាចាស់ពេក ឬខូចទៅហើយ។ ម្យ៉ាងទៀតនាទ្បិកានេះក៏ពុំមានរូប សម រង្ស៉ី ដើម្បីពាក់ទៅគេឃើញគេស្គាល់ឲ្យហ៊ឺហារនោះទេ។

២៖ ចំពោះអ្នកទទួលបានលុយសន្ធឹកសន្ធាប់នេះវិញក៏ដូចគ្នាផងដែរ។ ពីព្រោះលុយនេះបានងាកមកសង្កត់កម្ចាស់ ជល់ម្ចាស់បង្កនូវទុក្ខទោសផ្សេងៗ មិនខុសពីលុយមូនិធិទូរទស្សន៍ព្រះអាទិត្យ ឬលុយរៃអង្គាសថ្ងៃទី៩ វិច្ឆិកា ក្រោមលេសវិលចូលស្រុកវិញ ឬការប្រមូលលុយក្រោមរូបភាពផ្សេងៗ ទៀតនោះដែរ៕