(ភ្នំពេញ)៖ ជាគោលការណ៍ ការដោះស្រាយវិវាទរដ្ឋប្បវេណី គឺត្រូវគោរពតាមគោលការណ៍ចំពោះមុខ ដែលតម្រូវឱ្យមានវត្ដមានរបស់គូភាគី នៅគ្រប់នីតិវិធីនីមួយៗរបស់តុលាការ មានន័យថា គ្មានភាគីណាត្រូវបានជម្រះក្ដីដោយមិនបានសាកសួរ ឬកោះហៅនោះឡើយ។

ម្យ៉ាងទៀតបញ្ញត្ដិច្បាប់បានកំណត់ចំណុចដែលត្រូវសរសេរនៅក្នុងពាក្យបណ្ដឹង ដែលបានកំណត់ឱ្យសរសេរពីអត្ដសញ្ញាណរបស់ភាគីឱ្យបានច្បាស់លាស់ មានឈ្មោះ អាសយដ្ឋានរបស់ភាគីជាដើម ដើម្បីងាយស្រួលក្នុងការកោះហៅ។ ការកោះហៅភាគីឱ្យចូលរួមនីតិវិធីរបស់តុលាការបាន គឺចាំបាច់ត្រូវធ្វើការបញ្ជូនដីកាកោះនោះឱ្យដល់តាមអាសយដ្ឋានដែលបានសរសេរក្នុងពាក្យបណ្ដឹង។ ដូច្នេះតើការបញ្ជូនគេត្រូវធ្វើតាមរបៀបបែបណា ? អ្នកណាជាអ្នកទទួលខុសត្រូវក្នុងការបញ្ជូន ?

កម្មវិធីយល់ដឹងផ្នែកច្បាប់របស់អង្គភាព Fresh News ក្រោមកិច្ចសហការជាមួយ ក្រុមមេធាវីកម្ពុជាសហប្រតិបត្តិការអន្តរជាតិ សូមលើកយកប្រធានបទស្តីពី “ការបញ្ជូនក្នុងរឿងក្ដីរដ្ឋប្បវេណី” មកធ្វើការបង្ហាញជូនបងប្អូនប្រជាពលរដ្ឋ សិស្ស និស្សិត ដូចខាងក្រោម៖

ការបញ្ជូន គឺជាការជូនដំណឹងអំពីដំណើរការក្នុងការដោះស្រាយវិវាទរដ្ឋប្បវេណី ដែលការជូនដំណឹងនេះ មានដូចជា ដីកាកោះ លិខិតអញ្ជើញ និងសេចក្ដីសម្រេច របស់តុលាការ ទៅភាគីវិវាទ ដោយអនុវត្តស្របតាមក្រមនីតិវិធីរដ្ឋប្បវេណី។

អ្នកទទួលបន្ទុក មានអ្នកទទួលបន្ទុកកិច្ចការបញ្ជូន គឺក្រឡាបញ្ជី ដែលជាអ្នកចាត់ចែង និងរៀបចំឯកសារផ្សេងៗ សម្រាប់ដាក់បញ្ជូន ចំពោះអ្នកទទួលបន្ទុកប្រតិបត្តិការបញ្ជូន គឺបុគ្គលិកប៉ុស្ដិ៍ប្រៃសណីយ៍ អាជ្ញាសាលា និងក្រឡាបញ្ជី ដែលជាអ្នកបញ្ជូនឯកសារទៅបុគ្គលជាក់លាក់ណាមួយ និងជាអ្នកធ្វើរបាយការណ៍អំពីការបញ្ជូនត្រឡប់ទៅក្រឡាបញ្ជីវិញ។

របៀបនៃការបញ្ជូន ត្រូវធ្វើបញ្ជូនទៅទីលំនៅឋាន ទីសំណាក់ ទីកន្លែងអាជីវកម្ម ឬទីស្នាក់ការ របស់ភាគីវិវាទ។ ចំពោះអ្នកតំណាងដោយអាណត្តិ ត្រូវបញ្ជូនទៅការិយាល័យរបស់អ្នកតំណាងដោយអាណត្តិនោះ។ រីឯបុគ្គលអសមត្ថភាពក្នុងបណ្ដឹង ត្រូវបញ្ជូនទៅអ្នកតំណាងដែលច្បាប់បានកំណត់ (អាចបញ្ជូនទៅទីកន្លែងអាជីវកម្ម ឬទីស្នាក់ការ)។ ម្យ៉ាងវិញទៀតបុគ្គលមានសិទ្ធិជាតំណាងរួមគ្នាច្រើននាក់ ត្រូវបញ្ជូនទៅជនណាម្នាក់។ ហើយបុគ្គលជាប់ពន្ធនាគារ ត្រូវធ្វើទៅចំពោះប្រធានពន្ធនាគារ។ លើសពីនេះទៀត ភាគី ឬ អ្នកតំណាងដែលច្បាប់បានកំណត់ ឬ អ្នកតំណាងដោយអាណត្តិ អាចជូនដំណឹងជាលាយល័ក្ខណ៍អក្សរពីទីកន្លែង ឬពីការប្ដូរទីកន្លែង ដែលខ្លួនត្រូវទទួលឯកសារពីការបញ្ជូន។

ជាគោលការណ៍ ការបញ្ជូនត្រូវធ្វើឡើងដោយការប្រគល់នូវឯកសារដែលត្រូវបញ្ជូនទៅឱ្យជនដែលត្រូវទទួលការបញ្ជូននោះ ក្នុងករណីដែលអ្នកទទួលការបញ្ជូនមិនចេះអក្សរ អ្នកប្រតិបត្តិការបញ្ជូន (បុគ្គលិកប៉ុស្ដិ៍ប្រៃសណីយ, អាជ្ញាសាលា, ក្រឡាបញ្ជី) គប្បីពន្យល់អំពីខ្លឹមសារនៃឯកសារនៅពេលប្រគល់ឯកសារជូនជននោះ។

ទន្ទឹមនឹងនេះច្បាប់បានកំណត់អំពីរបៀបនៃការបញ្ជូនផ្សេងៗមួយចំនួនទៀតដូចខាងក្រោម ៖

* ការបញ្ជូននៅកន្លែងជួបប្រទះ ចំពោះជនដែលត្រូវទទួលឯកសារពីការបញ្ជូន ពុំមានលំនៅឋាន ទីសំណាក់ ទីកន្លែងអាជីវកម្ម ឬទីស្នាក់ការ ច្បាស់លាស់ទេ ការបញ្ជូនអាចធ្វើបាននៅកន្លែងដែលបានជួបប្រទះជននោះ។ បើទោះបីជាបុគ្គលដែលមានលំនៅឋាន ទីសំណាក់ ទីកន្លែងអាជីវកម្ម ឬទីស្នាក់ការ ច្បាស់លាស់ក៏ដោយ ក៏ការបញ្ជូនអាចធ្វើបាននៅកន្លែងដែលបានជួបប្រទះប្រសិនបើជននោះមិនបានប្រកែកចំពោះការទទួលឯកសារបញ្ជូន។
* ការបញ្ជូនបង្រ្គប់កិច្ច និង ការបញ្ជូនដោយទុកចោល ប្រសិនបើមិនជួបជនដែលត្រូវទទួលឯកសារបញ្ជូន នៅទីកន្លែងដែលត្រូវបញ្ជូនទេ មន្ដ្រីទទួលបន្ទុកប្រតិបត្តិការបញ្ជូន អាចប្រគល់ឯកសារទៅឱ្យអ្នកបម្រើ ឬ អ្នកផ្សេងទៀតដែលធ្វើការនៅទីនោះ ឬ អ្នកនៅជាមួយ ដែលមានការយល់ដឹងសមរម្យក្នុងការទទួលឯកសារ។ ចំពោះជនដែលត្រូវទទួលឯកសារបញ្ជូន ឬជនដែលត្រូវទទួលការបញ្ជូនដោយបង្រ្គប់កិច្ច មិនព្រមទទួលឯកសារដែលមន្រ្ដីទទួលបន្ទុកប្រតិបត្តិការបញ្ជូនដោយគ្មានមូលហេតុត្រឹមត្រូវ ឬសមរម្យណាមួយទេ ឯកសារនោះ អាចទុកនៅកន្លែងដែលបញ្ជូននោះបាន។
* ការបញ្ជូនដែលត្រូវធ្វើនៅបរទេស តុលាការត្រូវប្រគល់កិច្ចការនេះ ឱ្យក្រសួង ឬ ស្ថាប័នដែលមានសមត្ថកិច្ច ឬ ឯកអគ្គរាជទូត ឬ ភារធារី ឬ កុងស៊ុល របស់ព្រះរាជាណាចក្រកម្ពុជាប្រចាំប្រទេសនោះឱ្យធ្វើបាន។
* ការបញ្ជូនតាមការផ្សាយជាសាធារណៈ ក្រឡាបញ្ជីអាចធ្វើការបញ្ជូនតាមការផ្សាយជាសាធារណៈ តាមពាក្យសុំរបស់ភាគី និងមានការអនុញ្ញាតពីតុលាការ ប៉ុន្ដែបើតុលាការយល់ឃើញថាចាំបាច់ដើម្បីជៀសវាងការយឺតយ៉ាវក្នុងដំណើរនីតិវិធី តុលាការអាចបង្គាប់ឱ្យក្រឡាបញ្ជីធ្វើការបញ្ជូនតាមការផ្សាយជាសាធារណៈបាន បើទោះបីជាគ្មានពាក្យសុំរបស់ភាគីក៏ដោយ ការបញ្ជូនផ្សាយជាសាធារណៈលើកទី២ ចំពោះភាគីដដែលត្រូវធ្វើឡើងដោយឆន្ទានុសិទ្ធិរបស់តុលាការ។

ការបញ្ជូនតាមការផ្សាយជាសាធារណៈ ត្រូវធ្វើឡើងដោយការបិទប្រកាសនៅកន្លែងបិទប្រកាសរបស់តុលាការ ឬ កន្លែងតុលាការទទួលស្គាល់ថាសមរម្យ ឬ អាចចុះក្នុងរាជកិច្ច ឬ ក្នុងសារព័ត៌មាន ដើម្បីធ្វើការបញ្ជូនតាមការផ្សាយជាសាធារណៈនេះបាន ត្រូវគោរពលក្ខខណ្ឌដូចខាងក្រោម ៖

ក៖ បើបានខិតខំធ្វើការស្វែងរកស្រាវជ្រាវអំពី លំនៅឋាន ឬ ទីសំណាក់ ឬ កន្លែងផ្សេងទៀត ក៏នៅតែរកពុំឃើញ។
ខ៖ មិនអាចធ្វើការបញ្ជូនដោយបង្គ្រប់កិច្ច ឬ ការបញ្ជូនដោយទុកចោល។
គ៖ មិនអាចធ្វើការបញ្ជូនដែលត្រូវធ្វើនៅបរទេស ដោយច្បាប់បានទទួលស្គាល់ថា គ្មានលទ្ធភាពនឹងអាចធ្វើបាន ។
ឃ៖ មិនបានទទួលលិខិតបញ្ជាក់អំពីការបញ្ជូននោះ ដោយបានប្រគល់ឱ្យក្រសួង ឬ ស្ថាប័នមានសមត្ថកិច្ចនៅបរទេសឱ្យធ្វើការបញ្ជូន ក្នុងអំឡុងពេល ០៦ (ប្រាំមួយ) ខែចាប់ពីពេលបញ្ជូននោះ។

បន្ទាប់ពីធ្វើការបញ្ជូនរួចរាល់តាមរបៀបណាមួយខាងលើ អ្នកទទួលបន្ទុកប្រតិបត្តិការបញ្ជូន ត្រូវធ្វើរបាយការណ៍អំពីការបញ្ជូនជូនទៅតុលាការ ដោយបញ្ជាក់អំពីចំណុចដូចខាងក្រោម៖

* សញ្ញាណនៃរឿងក្ដី និង ឯកសារដែលបានបញ្ជូន។
* ជនដែលត្រូវទទួលការបញ្ជូន។
* ថ្ងៃ ខែ ឆ្នាំ និងកន្លែងដែលបានធ្វើការបញ្ជូន។
* វិធីបញ្ជូន។
* ចំណាត់ការក្នុងករណីជនដែលត្រូវទទួលការបញ្ជូនមិនចេះអក្សរ។
* ហត្ថលេខា និងស្នាមមេដៃ របស់អ្នកទទួលឯកសារ។
* ហេតុការណ៍មិនព្រមទទួលការបញ្ជូន ឬការប្រកែកមិនព្រមទទួល។
* ហេតុការណ៍នៅក្នុងករណីការបញ្ជូនធ្វើឡើង ដោយការបញ្ជូនបង្រ្គប់កិច្ច ឬការបញ្ជូនដោយទុកចោល។
* ហត្ថលេខារបស់មន្ដ្រីទទួលបន្ទុកប្រតិបត្តិការបញ្ជូន។

សរុបជារួមមក ការបញ្ជូនគឺជានីតិវិធីដ៏មានសារសំខាន់ ដល់ដំណើរការក្នុងដោះស្រាយវិវាទរដ្ឋប្បវេណី ដែលអាចឱ្យភាគីទាំងសងខាង បានដឹងអំពីដំណើរការនៃរឿងក្ដីនៅតុលាការ និងអាចចូលរួមតាមកោះហៅ ហើយជៀសវាងអំពីការជំនុំជម្រះក្ដីដោយមិនមានវត្ដមានភាគីណាមួយ ដែលនាំឱ្យខូចខាត ឬបាត់បង់ប្រយោជន៍របស់ខ្លួន៕

រៀបរៀងដោយ៖ លោកមេធាវី សេង ឈុនលី និងលោក ប៉ូល គីមសេង ជាសមាជិកក្រុមការងាររៀបចំ និងផ្សព្វផ្សាយអត្ថបទច្បាប់ នៃក្រុមមេធាវីកម្ពុជាសហប្រតិបត្តិការអន្តរជាតិ មានអាសយដ្ឋាននៅអគារលេខ ៤៥៣៥ ផ្លូវលេខ ១០០៣ ស្ថិតក្នុង ភូមិឧកញ្ញ៉ាវាំង (អតីតភូមិបាយ៉ាប) សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ ទូរស័ព្ទទំនាក់ទំនងលេខ ០២៣ ៩៨៦ ២៤៥ អ៉ីម៉ែល៖[email protected] គេហទំព័រ៖ www.ciclg.com, ហ្វេសបុកផេក៖ ក្រុមមេធាវីកម្ពុជាសហប្រតិបត្តិការអន្តរជាតិ/Cambodia International Cooperation Law Group.