(ប្រ៊ុចសែល)៖ កីឡាករខ្សែបម្រើមិនអាចខ្វះបាន Kevin De Bruyne នឹងរួមដំណើរទៅប្រកួតពានជើងឯកអឺរ៉ុប UEFA Euro 2020 ជាមួយក្រុមជម្រើសជាតិប៊ែលហ្សិកនៅថ្ងៃចន្ទស្អែកនេះ ក្រោយពេលវះកាត់ច្រមុះទទួលបានជោគជ័យរួចមក។
ការពិនិត្យចុងក្រោយរយៈពេលត្រឹមតែ ២០នាទីពីសំណាក់អ្នកចាត់ការទូទៅ Roberto Martinez ឃើញថា ខ្សែបម្រើវ័យ ២៩ឆ្នាំដែលកំពុងលេងឲ្យក្លិប Manchester City ខាងលើនេះ អាចចូលរួមជាមួយក្រុមបិសាចក្រហមប៊ែលហ្សិកបានក្នុងយុទ្ធនាការ Euro 2020 ដែលនឹងចាប់ផ្តើមឡើងជាផ្លូវការនាសប្តាហ៍ក្រោយនេះ។
សូមរំលឹកផងថា Kevin De Bruyne បានរងរបួសច្រមុះ និងត្រចៀកខាងឆ្វេងធ្ងន់ធ្ងរ នៅពេលប៉ះទង្គិចជាមួយខ្សែការពារ Antonio Rudiger របស់តោខៀវ Chelsea ក្នុងប្រកួតវគ្គផ្តាច់ព្រ័ត្រ UEFA Champions League កាលពីថ្ងៃសៅរ៍សប្តាហ៍មុន។
ប៊ែលហ្សិក ដែលស្ថិតក្នុងពូល B នោះ ត្រូវប៉ះក្រុមជម្រើសជាតិរុស្ស៊ុនៅថ្ងៃបើកឆាក Euro 2020 របស់ពូកគេនៅថ្ងៃទី១២ ខែមិថុនា មុនពេល ៥ថ្ងៃបន្ទាប់ត្រូវជួបដាណឺម៉ាក និងចុងក្រោយប៉ះហ្វាំងឡង់ នាថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២១ ដែលវគ្គសន្សំពិន្ទុធ្វើនៅ ២ប្រទេសផ្សេងគ្នាគឺរុស្ស៊ី និងដាណឺម៉ាក៕