(កូរ៉េ)៖ លោក Lee Kyun Kyu ត្រូវបានគេទទួលស្គាល់ថា ជាផលិតករដ៏ឆ្នើមនិងល្បីឈ្មោះមួយរូប ប្រចាំវិស័យឧស្សាហ៍កម្មភាពយន្តរបស់កូរ៉េខាងត្បូង។ បន្ថែមពីនោះ លោកក៏ជាតារាសម្តែងផ្ទាល់ផងដែរ ខណៈថ្មីៗ លោក Lee Kyun Kyu ស្រាប់តែបង្ហាញពីគោលបំណងចំៗ ចង់បានលោក Jin ដែលសមាជិកម្នាក់ក្នុងក្រុមចម្រៀងល្បី BTS ដើម្បីសម្តែងភាពយន្តថ្មីរបស់លោក។

យោងតាមការចេញផ្សាយដោយសារព័ត៌មាន allkpop នៅថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២១នេះបានឲ្យដឹងថា តាមរយៈចូលរួមក្នុងកិច្ចសម្ភាសន៍មួយ ផលិតករភាពយន្តលោក Lee Kyun Kyu បានបង្ហាញថា តារាប្រុសទី១ដែលស្ថិតក្នុងជម្រើសរបស់លោក សម្រាប់ភាពយន្តថ្មីបន្ទាប់ គឺ Jin សមាជិក BTS ខណៈកន្លងទៅ ផលិតកររូបនេះ ធ្លាប់បាននិយាយថា Jin ជាតារាដ៏ល្បីល្បាញម្នាក់ ហើយក៏ជាតារាដែលលោកចូលចិត្តម្នាក់ផងដែរ ដោយសារតែទេពកោសល្យសិល្បៈពីធម្មជាតិរបស់គេ។

គួរជម្រាបថា បើនិយាយពី Jin សមាជិក BTS ត្រូវបានគេដឹងថា ជាតារាសម្តែងដ៏ជំនាញម្នាក់ផងដែរ ដោយលោកបានបញ្ចប់ការសិក្សាពីសាលាសម្តែងដ៏ល្បី «Konkuk Acting Major»។ ដោយសារតែមានទេពកោសល្យពិសេសពីធម្មជាតិ និងជំនាញយ៉ាងអស្ចារ្យផងនោះ លោកបានទទួលជោគជ័យក្នុងការប្រឡងសម្តែង ខណៈបច្ចុប្បន្ន Jin គឺជាតារាដែលផលិតករល្បីចង់បានបំផុត សម្រាប់សម្តែងភាពយន្ត៕