(ចិន)៖ កំពូលតារាសម្តែងល្បីឈ្មោះរបស់ហុងកុងពូកែខាងក្បាច់ គឺលោក Donnie Yen ដែលទស្សនិកជនខ្មែរ និយមហៅថា «កុំកុំ» នោះ នឹងមានវត្តមានសម្តែងជាមួយតារាល្បីរបស់កាដាណា Keanu Reeves ក្នុងរឿងបែបបាញ់ប្រហាររបស់ហូលីវូដ «John Wick» វគ្គ៤ បន្ទាប់ពីផលិតករក្នុងភាពយន្តមួយនេះ សម្រេចជ្រើសរើសយករូបលោក។ នេះបើតាមការឲ្យដឹងពីដោយសារព័ត៌មាន Deadline នៅដើមខែមិថុនានេះ។
អ្នកដឹកនាំរឿង «John Wick» វគ្គ៤ លោក Chad Stahelski (ឆាត ស្តាហេលស្គី) បានឲ្យដឹងថា កំពូលតារាក្បាច់គុនមកពីអាស៊ី គឺ Donnie Yen នឹងសម្ដែងជាតួមិត្តចាស់របស់ John Wick ដែលសម្ដែងដោយតារាកាណាដា Keanu Reeves (ខេអាណូ រីហ្វ) ដោយពួកគេទាំងពីរធ្លាប់មានប្រវត្តិ និងសត្រូវរួមគ្នាជាច្រើន។
អ្នកដឹកនាំរូបនេះនិយាយថា «យើងពិតជាមានសំណាងខ្លាំងណាស់ដែលបានតារាជើងខ្លាំងដូចជា Donnie Yen ចូលរួមក្នុង Franchise ភាពយន្ត John Wick…»។
គួរជម្រាបថា តារាក្បាច់គុនវ័យ ៥៧ឆ្នាំ Donnie Yen ហៅកុំកុំ ត្រូវបានអ្នកតាមដានវិស័យភាពយន្តមើលឃើញថា ធ្លាប់បានបញ្ចេញស្នាដៃយ៉ាងលេចធ្លោក្នុងភាពយន្តល្បីៗជាច្រើនមកហើយដូចជា “xXx: Return of Xander Cage”, ភាពយន្ត “Star Wars” ភាពយន្ត “Mulan” និងជាពិសេសគឺស៊េរីភាពយន្ត “IP Man” ជាដើម។
ភាពយន្តល្បីបែបបាញ់ប្រហាររបស់ហូលីវូដ «John Wick» វគ្គ៤ ត្រូវបានគេដឹងថា ចាប់ផ្ដើមចេញថតពីពាក់កណ្ដាលឆ្នាំ២០២១នេះ នៅតាមបណ្តាប្រទេសមួយចំនួនរួមមាន បារាំង អាឡឺម៉ង់ និងជប៉ុន ហើយគ្រោងនឹងចេញបញ្ចាំងចាប់ពីថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២២ ខាងមុខ៕