(ភ្នំពេញ)៖ ពានរង្វាន់ League Cup 2021 លើកដំបូងដែលរៀបចំដោយគណៈកម្មការប្រកួតបាល់ទាត់ជាតិកម្ពុជា (CNCC) បានឈានដល់ថ្ងៃបើកការប្រកួតហើយ នៅថ្ងៃទី០៥ ខែមិថុនានេះ ប៉ុន្ដែគួរឲ្យស្ដាយគូពិសេស ១ប្រកួតត្រូវបានលុបចោលវិញរវាងក្លិបបឹងកេត និងវិសាខា បន្ទាប់ពីរកឃើញករណីសង្ស័យវិជ្ជមាននៃជំងឺកូវីដ-១៩ លើមន្ដ្រីម្នាក់របស់ក្លិបបឹងកេត។
តាមកម្មវិធីប្រកួត បឹងកេត និងវិសាខា នឹងត្រូវជួបគ្នាមុនគេក្នុងពូល A នៃពានថ្មីនេះដោយត្រូវជួបគ្នានាវេលាម៉ោង ៣៖៣០នាទីរសៀលនេះ នៅកីឡដ្ឋានខេមបូឌាអ៊ែរវ៉េ។ ប៉ុន្ដែក្រោយរកឃើញករណីសង្ស័យខាងលើ CNCC ក៏សម្រេចលុបចោលការប្រកួតនេះតែម្ដង ខណៈជ័យជម្នះត្រូវបានផ្ដល់ជូនវិសាខា ដោយផ្អែកលើលក្ខខណ្ឌមួយនៃការប្រកួតពាន League Cup 2021 នេះ។
ដូច្នេះកម្មវិធីប្រកួតថ្ងៃបើកពានរង្វាន់ខាងលើនៅសល់ ១ប្រកួតប៉ុណ្ណោះថ្ងៃនេះ ដោយក្លិបភ្នំពេញក្រោន ត្រូវបើកទ្វារផ្ទះទទួលក្រុម ISI ដង្កោសែនជ័យ នាវេលាម៉ោង ៦ល្ងាចនេះនៅកីឡដ្ឋាន RSN។ ប៉ុន្ដែមុនការប្រកួតនេះ ក៏មានរកឃើញករណីវិជ្ជមានកូវីដ-១៩ លើកីឡាករភ្នំពេញក្រោនម្នាក់ដែរ ប៉ុន្ដែដោយសារកីឡាកររូបនោះមិនបានប៉ះពាល់ជាមួយមន្ដ្រី ឬកីឡាករ ទើប CNCC អនុញ្ញាតឲ្យបន្ដការប្រកួត។
CNCC បានបញ្ជាក់ថា «ភ្នំពេញក្រោន ប៉ះ ISI ដង្កោសែនជ័យ ត្រូវបន្ដការប្រកួតដោយហេតុកីឡាករ ១រូបរបស់ក្លិបភ្នំពេញក្រោន ដែលមួយរយៈប៉ុន្មានសប្តាហ៍មុន គឺរបួសសម្រាកព្យាបាល និងមិនបានចូលរួមជាមួយក្លិបនោះឡើយកន្លងមក ហើយទើបថ្ងៃនេះ (ថ្ងៃទី០៤-មិថុនា) ត្រៀមចូលរួមប្រកួតសម្រាប់ថ្ងៃស្អែកនោះ (ថ្ងៃទី០៥-មិថុនា) ត្រូវបានរកឃើញករណីវិជ្ជមាននៃជំងឺកូវីដ-១៩ ក៏ប៉ុន្តែកីឡាកររូបនេះមិនបានប៉ះពាល់ជាមួយមន្រ្តីក្លិប កីឡាករឡើយ»។
គួរបញ្ជាក់ថា ពានរង្វាន់ League Cup 2021 គ្រោងប្រកួតពីថ្ងៃទី០៥ ដល់ថ្ងៃទី២៧ ខែមិថុនា ដោយមាន ៨ក្លិបចូលរួម និងបែងចែកជា ២ពូល។ បន្ទាប់ពីធ្វើការប្រកួតសន្សំពិន្ទុក្នុងពូល ក្រុមលេខ១ និងលេខ២ នៃពូលនីមួយៗនឹងត្រូវឡើងវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ ដើម្បីប្រកួតដណ្ដើមកៅអីវគ្គផ្ដាច់ព្រ័ត្របន្ដ។ ប៉ុន្ដែផ្អែកលើលក្ខខណ្ឌប្រកួតពាននេះ ករណីក្រុមណាមួយរកឃើញថា មានការពាក់ព័ន្ធជំងឺកូវីដ-១៩ ធ្វើឲ្យការប្រកួតមិនអាចដំណើរការបាន ក្រុមនោះនឹងត្រូវកាត់ចេញពីការប្រកួតដោយលទ្ធផលចាញ់ ៣-០ តែម្ដង៕