(ក្រុងឡុងដ៍)៖ ក្លិបបាល់ទាត់អង់គ្លេស Tottenham Hotspur បានកំពុងទាក់ទងលោក Antonio Conte មកធ្វើជាអ្នកចាត់ការទូទៅថ្មី ដើម្បីជំនួសកៅអីលោក Jose Mourinho ដ្បិតអតីតគ្រូចាស់ Mauricio Pochettino មិនមកហើយនោះ។
សំណើនេះដែរ មិនទាន់ត្រូវបានអ្នកចាត់ការទូទៅសញ្ជាតិអ៉ិតាលី Conte ឆ្លើយតបយ៉ាងណានោះទេ គ្រាដែលរូបលោកពុំទាន់មានការងារធ្វើនៅឡើយ ក្រោយពេលលាឈប់ដឹកនាំក្លិបក្នុងស្រុក Inter Milan បន្ទាប់ពីជួយលើកពាន Serie A រដូវកាលនេះរួចមក។
បុរសវ័យ ៥១ឆ្នាំ Conte ក៏ធ្លាប់ធ្វើការនៅអង់គ្លេសផងដែរ តាមរយៈដឹកនាំក្លិបតោខៀវ Chelsea ឈ្នះជើងឯក Premier League នៅឆ្នាំ២០១៧ មុនពេលលាឈប់ទៅដឹកនាំ Inter Milan។
វាមានរយៈពេលជិត ៧សប្តាហ៍មកហើយដែលក្លិបមាន់ខ្នាយមាស Spurs រកគ្រូបង្វឹកថ្មីមិនទាន់បាន បន្ទាប់ពីបញ្ចប់តំណែងលោក Jose Mourinho។ កន្លងមកក្លិបលេងនៅ Premier League ក៏បានទាក់ទងលោក Julian Nagelsmann ដែលទៅនឹងក្លិបថ្មី Bayern Munich និងលោក Brendan Rodgers ដែលបានប្តេជ្ញាបន្តដឹកនាំក្លិបកញ្ជ្រោងខៀវ Leicester City ដដែល៕