(ម៉ាឌ្រីដ)៖ ខ្សែការពារ Aymeric Laporte បានចូលលេង ១ប្រកួតក្នុងក្រុមជម្រើសជាតិអេស្ប៉ាញ នៅពេលលេងបានត្រឹម ០-០ ទល់នឹងក្រុមភ្ញៀវព័រទុយហ្គាល់ក្នុងជំនួបមិត្តភាពអន្តរជាតិនាយប់មិញនេះ។

ការប្រកួតដែលត្រូវបានធ្វើឡើងនៅកីឡដ្ឋាន Wanda Metropolitano ដែលជាទឹកដីរបស់ក្លិប Atletico Madrid នោះ គឺដើម្បីកំដៅសាច់ដុំ ក៏ដូចជាដកស្រង់បទពិសោធពីគ្នាទៅវិញទៅមក មុនពេលទៅលេងពានជើងឯកអឹរ៉ុប UEFA Euro 2020 ដែលនឹងចាប់ផ្តើមនាសប្តាហ៍ក្រោយនេះ។

យ៉ាងណាក៏ដោយ ខ្សែការពារដែលត្រូវបានជ្រើសរើសចេញពីក្លិប Manchester City មានវ័យ ២៧ឆ្នាំបានលេង ៧៩នាទី មុនពេលត្រូវបានប្តូរចេញដែលជំនួសដោយ Diego Llorente ក្រោយពេលក្លាយជាពលរដ្ឋអេស្ប៉ាញពេញសិទ្ធិ នៅពេលបារាំងមិនឃើញរូបគេ និងកោះហៅចូលឈុតធំមកនោះ។

នៅមុនការប្រកួតមិត្តភាពមកដល់ ប្រទេសទាំងពីរអេស្ប៉ាញ និងព័រទុយហ្គាល់ក៏បានប្រកាសចូលរួមដេញថ្លៃធ្វើសហម្ចាស់ផ្ទះនៃព្រឹត្តិការណ៍ World Cup 2030 ផងដែរ ដ្បិតពួកគេនៅសល់ ១ប្រកួតមិត្តភាពអន្តរជាតិទៀតមុនទៅលេង Euro 2020 នៅពេលអេស្ប៉ាញត្រូវប៉ះលីទុយអេនី នៅទីក្រុង Madrid នាថ្ងៃអង្គារសប្តាហ៍ក្រោយ មុនពេលព័រទុយហ្គាល់ប៉ះអ៉ីស្រ្តាអែល នៅថ្ងៃបន្ទាប់ស្ថិតក្នុងទីក្រុង Lisbon៕