(ក្រុងឡុងដ៍)៖ លោក Thomas Tuchel បានចុះកិច្ចព្រមព្រៀងដឹកនាំក្លិបតោខៀវ Chelsea រហូតដល់ឆ្នាំ២០២៤ បន្ថែមលើកិច្ចសន្យាចាស់របស់លោកដែលមានរយៈពេល ១៨ខែនៅទឹកដី Stamford Bridge។

បុរសសញ្ជាតិអាល្លឺម៉ង់ វ័យ ៤៧ឆ្នាំខាងលើនេះ ត្រូវបានតែងតាំឲ្យដឹងនាំតោខៀវជំនួសកៅអីលោក Frank Lampard ដែលត្រូវបានបញ្ចប់តំណែងកាលពីខែមករា ឆ្នាំ២០២១ នៅពេលដែល Chelsea កំពុងឈរនៅលេខរៀងទី៩ ក្នុង Premier League បណ្តោះអាសន្ន ដោយលេង ៥ប្រកួតចុងក្រោយមិនដែលឈ្នះសោះ។

លោក Thomas Tuchel បានថ្លែងប្រាប់ BBC ក្រោយចុះកិច្ចសន្យារួចរាល់ថា «យើងនៅមានដំណើរវែងឆ្ងាយទៀត ហើយពួកយើងកំពុងពិនិត្យផងដែរ ដើម្បីសម្រេចគោលដៅ និងផ្សេងៗ»។

អតីតគ្រូបង្វឹកនៃក្លិប Paris Saint-Germain និង Borussia Dortmund មួយនេះដឹកនាំ Chelsea លេងឈ្នះ ១៩ប្រកួតក្នុងចំណោម ៣០ប្រកួតចាប់ពីពាក់កណ្តាលមុនជាមួយនឹងការជួយក្លិបឈ្នះពានធំប្រចាំទ្វីបអឺរ៉ុប UEFA Champions League ឆ្នាំ២០២១ នៅពេលយកឈ្នះ Manchester City ១-០ នៅវគ្គផ្តាច់ព្រ័ត្រ និងរងជើងឯកពាន FA Cup ផងដែរ នៅពេលចាញ់ Leicester City៕