(ភ្នំពេញ)៖ ខ្សែប្រយុទ្ធវ័យក្មេង វុធ តុលា បានសម្ដែងការសោកស្ដាយ ចំពោះលទ្ធផលបរាជ័យក្រោមថ្វីជើងក្រុមម្ចាស់ផ្ទះបារ៉ែន ៨-០ ក្នុងវគ្គជម្រុះពានរង្វាន់បាល់ទាត់ពិភពលោក FIFA World Cup 2022 ពូល C កាលពីយប់មិញ ដ្បិតគេថា ក្រុមជម្រើសជាតិកម្ពុជា មិនមានពេលវេលាគ្រប់គ្រាន់ក្នុងការប្រមូលផ្ដុំ ពោលគឺហាត់បាន ៣-៤ថ្ងៃប៉ុណ្ណោះមុនការប្រកួត។
ទន្ទឹមជាមួយការសោកស្ដាយនេះ កីឡាករវ័យ ១៩ឆ្នាំមកពីក្លិបបាល់ទាត់ខេត្តព្រៃវែងរូបនេះ ក៏បានសម្ដែងនូវការសប្បាយចិត្ត ដែលត្រូវបានគ្រូបង្វឹកលោក Ryu Hirose និងអ្នកចាត់ការទូទៅលោក Keisuke Honda ផ្ដល់ឱកាសឲ្យគេបានបង្ហាញខ្លួនលើកដំបូងឲ្យក្រុមគោព្រៃកម្ពុជា នៅក្នុងតង់ទី២ ក្នុងជំនួបដ៏ធំនេះផងដែរ។ តុលា បានប្ដេជ្ញានឹងខិតខំប្រឹងប្រែងបន្ថែមទៀត ដើម្បីក្ដោបឱកាសមាសនេះ។
ម្ចាស់ស្បែកជើងមាសពានសម្ដេចតេជោ ហ៊ុន សែន ឆ្នាំ២០២០ រូបនេះ បានឲ្យដឹងពីប្រទេសបារ៉ែនថា «ទោះបីខ្ញុំបានចូលលេងតង់ទី២ តែខ្ញុំសប្បាយចិត្ត ព្រោះមុនខ្ញុំចូលលេង ខ្ញុំបានត្រៀមខ្លួនរួចរាល់មានន័យថា ខ្ញុំហ៊ានលេង ហ៊ានទប់ ជារួមខ្ញុំអត់មានភ័យអ្វីទេ លេងធម្មតាៗដូចខ្ញុំលេងជម្រើសជាតិ U19។ យ៉ាងណាមិញខ្ញុំសូមអរគុណលោកគ្រូ ដែលបានផ្ដល់ឱកាសឲ្យខ្ញុំបានលេង ហើយខ្ញុំនឹងព្យាយាមក្ដោបឱកាសនេះ»។
អតីតយុវជនសលាបាល់ទាត់ជាតិបាទី និងវិសាខាដដែលបន្ដថា «យប់មិញខ្ញុំលេង ៤៥នាទី ខ្ញុំគិតថា សហការគ្នាបានល្អ។ ម្យ៉ាងទៀត ខ្ញុំចូលលេងតង់ទី២ ខ្ញុំលេងជាមួយ សៀង ចន្ធា និង លឹម ពិសុទ្ធ ដែលធ្លាប់លេងនៅជម្រើសជាតិ U19 ធ្វើឲ្យពួកយើងយល់ចិត្តគ្នា គ្រាន់តែកីឡាកបងៗដូចបង ផេង និងបង រ៉ូស៊ីប ជាដើម ខ្ញុំអត់ទាន់បានលេងជាមួយគាត់ បន្ទាប់ពីខ្ញុំប្ដូរចូល។ តែខ្ញុំគិតថា ពួកយើងសហការគ្នាបានល្អហើយ»។
សម្រាប់ ២ប្រកួតចុងក្រោយរបស់ក្រុមគោព្រៃកម្ពុជា ដែលគ្រោងជួបក្រុមជម្រើសជាតិអ៊ីរ៉ាក់ នាយប់ថ្ងៃទី០៧ ខែមិថុនា និងជួបក្រុមជម្រើសជាតិអ៊ីរ៉ង់នាយប់ថ្ងៃទី១១ ខែមិថុនា វុធ តុលា បានប្ដេជ្ញានឹងខិតខំប្រឹងប្រែងហ្វឹកហាត់បន្ថែមទៀត ដើម្បីទាក់ចិត្តគ្រូបង្វឹក និងបានចូលរួមការប្រកួតធំៗនេះ ទោះបីជាប់ជម្រើស ១១នាក់ដំបូង ឬប្ដូរចូលក៏ដោយ ពិសេសរូបគេបានប្ដេជ្ញាខំប្រឹងឲ្យអស់ពីលទ្ធភាព ដើម្បីជួយក្រុមជម្រើសជាតិកម្ពុជា៕