(កូរ៉េ)៖ ក្រុមចម្រៀងនារី BLACKPINK នៅពេលនេះបានបង្កើតកំណត់ត្រាថ្មីមួយទៀតហើយ ទើបតែជាប់ឈ្មោះជាក្រុមចម្រៀងដំបូងគេបង្អស់របស់ K-POP ដែលមានសមត្ថភាពទទួលបាន ១.៦ពាន់លាន Views លើ YouTube ជាមួយនឹងបទចម្រៀងជាក្រុម មានចំណងជើងថា «DDU-DU DDU-DU»។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Soompi នៅថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០២១។

នៅថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០២១ ប្រហែលម៉ោង៧៖៣០នាទីព្រឹក (ពេលវេលានៅកូរ៉េ) វីដេអូចម្រៀង «DDU-DU DDU-DU» បានកើនចំនួនអ្នកចូលទស្សនារហូតដល់ ១.៦ ពាន់លានដង ក្នុងយូធូប។ កំណត់ត្រាថ្មីនេះបានធ្វើឲ្យ BLACKPINK ក្លាយជាក្រុម K-POP ដំបូងគេបង្អស់ ដែលសមត្ថភាពទទួលបានចំនួនអ្នកចូលទស្សនា បទចម្រៀងរបស់ពួកគេខ្ទង់ពាន់លានដង។ បទនេះ ត្រូវបានគេរំពឹងទុកថា នឹងទទួលបាន២ពាន់លាន Views នៅកំឡុងខែកក្កដា ឆ្នាំ២០២២ ខាងមុខនេះ បន្ទាប់ពីសង្កេតឃើញថា បទនេះទទួលបាន Views ជាមធ្យមក្នុងមួយថ្ងៃៗចាប់ពី ៩០០K-១M រួចហើយនោះ។

គួរជម្រាបថា បទ «DDU-DU DDU-DU» ត្រូវបានបញ្ចេញនៅថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០១៨ វេលាម៉ោង៦ល្ងាច (ពេលវេលានៅកូរ៉េ) បានន័យថាចំណាយរយៈពេលប្រមាណ២ឆ្នាំ ១១ខែ ១៩ថ្ងៃ និង១៣ម៉ោង ដើម្បីទទួលបានចំនួន View ១.៦ ពាន់លានដងឯណោះ៕