(អេស្ប៉ាញ)៖ ក្លិបបាល់ទាត់ Barcelona បានតែងតាំងអតីតកីឡាករ Jordi Cruyff ជាជំនួយការប្រធានផ្នែកកីឡា, ដោយពង្រឹងទំនាក់ទំនងរវាងក្លិប និងលោក Johan ឪពុករបស់លោក Jordi Cruyff និងជាអតីតកីឡាកររបស់ក្លិប ដែលបានស្លាប់បាត់បង់ជីវិតទៅ, នេះបើយោងតាមសារព័ត៌មាន CNA ចេញផ្សាយនាយប់ថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២១នេះ។

Jordi Cruyff, ដែលបានបង្ហាញខ្លួន៥៤ប្រកួត ឲ្យក្រុមជម្រើសដំបូងរបស់ក្លិប Barca នោះ, ធ្លាប់បានបំពេញការងារជាប្រធានផ្នែកកីឡា និងគ្រូបង្វឹក នៅបណ្តាក្លិបមួយចំនួន ចាប់តាំងពីចូលនិវត្តន៍ ជាកីឡាករ។

លោកនឹងលាឈប់ពីតួនាទីរបស់លោក ជាប្រធានគ្រូបង្វឹករបស់ក្លិប Shenzhen ដែលលេងនៅលីគ Chinese Super League របស់ចិន នាថ្ងៃទី១ ខែសីហាខាងមុខ ដើម្បីចូលធ្វើការនៅ Barca។

គួររំលឹកថា លោក Johan Cruyff ដែលជាឪពុករបស់លោក Jordi Cruyff នោះ ធ្លាប់ជាកីឡាករមួយរូប ក្នុងចំណោមកីឡាករល្អបំផុត របស់ក្លិប Barcelona និងគ្រូបង្វឹកបដិវត្តម្នាក់ ដែលពូកែដោយបានដឹកនាំក្លិប ឈ្នះពានរង្វាន់អឺរ៉ុប European Cup លើកដំបូង នៅឆ្នាំ១៩៩២។

លោកបានស្លាប់ ក្នុងឆ្នាំ២០១៦ ហើយចាប់តាំងពីពេលនោះមក ក្លិបបានសាងសង់រូបសំណាករបស់លោក នៅខាងក្រៅពហុកីឡដ្ឋាន Camp Nou និងបានដាក់ឈ្មោះពហុកីឡដ្ឋានរបស់ក្រុមយុវជនពួកគេ ដូចទៅនឹងឈ្មោះរបស់លោក៕