(អេស្ប៉ាញ)៖ ខ្សែបម្រើស្លាបរបស់ Real Madrid កីឡាករ Lucas Vazquez បានចុះហត្ថលេខា លើកិច្ចសន្យាបន្តការលេងនៅក្លិបមួយនេះ រយៈពេល៣ឆ្នាំបន្ថែមទៀត, ដោយប្តេជ្ញាបន្តអនាគតរបស់លោក ជាមួយនឹងការលេងនៅក្លិប លេងនៅលីគ La Liga បន្តទៀត បន្ទាប់ពីកិច្ចសន្យាចាស់បានផុតកំណត់, នេះបើយោងតាមសារព័ត៌មាន CNA ចេញផ្សាយនាយប់ថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២១នេះ។

Vazquez បានចូលលេងក្នុងក្រុមជម្រើសដំបូងរបស់ Real ក្នុងឆ្នាំ២០១៥ ហើយបានអភិវឌ្ឍន៍ខ្លួន បានក្លាយជាជាកីឡាករម្នាក់ ក្នុងចំណោមកីឡាករ ដែលអាចទុកចិត្តបំផុតរបស់ក្លិប ដែលអាចលេងនៅស្លាប ឬដើរតួនាទីជាខ្សែការពារខាងស្តាំ ខណៈដែលគាត់ធ្លាប់លេងច្រើនដង កាលពីរដូវកាលមុន ដោយសារអវត្តមានរយៈពេលយូរ នៃខ្សែការពារជម្រើសដំបូង Dani Carvajal ។

Vazquez វ័យ២៩ឆ្នាំ បានបង្ហាញខ្លួន៣៤ដង នៅក្នុងការប្រកួតទាំងអស់ កាលពីសប្តាហ៍មុន, ប៉ុន្តែយុទ្ធនាការរបស់លោកបានបញ្ចប់ នៅពេលដែលលោករងរបួសជង្គង់ នៅក្នុងការប្រកួតឈ្នះ Barcelona ក្នុងលទ្ធផល២-១ កាលពីខែមេសា។

គួររំលឹកថា ខ្សែបម្រើ Real កីឡាករ Luka Modric ក៏បានចុះហត្ថលេខា លើកិច្ចសន្យាបន្តការលេងនៅក្លិបមួយនេះផងដែរ កាលពីខែមុន បន្ទាប់ពីកិច្ចសន្យាចាស់ បានផុតកំណត់, បើទោះបីជាកីឡាករប្រធានក្រុម Sergio Ramos មិនទាន់បានបន្តកិច្ចសន្យារបស់លោកក៏ដោយ ខណៈវានឹងផុតកំណត់ នៅចុងខែនេះ៕