(ប៉ារីស)៖ ការប្រកួតដណ្តើមពានរង្វាន់ UEFA Euro ជាពានមួយធំជាងគេប្រចាំទ្វីបអឺរ៉ុបដែលបានបង្កើតឡើងតាំងពីឆ្នាំ១៩៦០ រហូតមកដល់ឆ្នាំ២០២០ ដែលការប្រកួតនេះមានរយៈពេល ៤ឆ្នាំម្តង ខណៈមានតែក្រុមជម្រើសជាតិ២ ប៉ុណ្ណោះដែលបានឈ្នះពាននេះ ៣លើកដូចគ្នា រួមមានក្រុមជម្រើសជាតិអាល្លឺម៉ង់ និងអេស្ប៉ាញ គ្រាដែលក្រុមព័រទុយហ្គាល់ ជាក្រុមការពារតំណែងជើងឯកឆ្នាំ២០១៦។
ក្នុងនោះព្រឹត្តិការណ៍បាល់ទាត់ប្រចាំតំបន់អឺរ៉ុប Euro 2020 ត្រូវបានពន្យារពេលលើកមកធ្វើក្នុងឆ្នាំ២០២១នេះ ដោយសារវិបត្តិវីរុស COVID-19 ជាសកល ខណៈក្រុមដែលបានឈ្នះពាន ៣លើកដូចគ្នាមានក្រុមអាល្លឺម៉ង់ ធ្វើបានលេងក្នុងវគ្គផ្តាច់ព្រ័ត្រកាលឆ្នាំ១៩៧២ បានយកឈ្នះក្រុមអតីតសហភាពសូវៀត (រុស្ស៊ី) និងឆ្នាំ១៩៨០ បន្តយកឈ្នះក្រុមជម្រើសជាតិប៊ែលហ្ស៊ិក ហើយចុងក្រោយឆ្នាំ១៩៩៦ យកឈ្នះក្រុមសាធារណរដ្ឋឆេក ២-១។
ចំណែកឯអេស្ប៉ាញ ក៏ធ្វើបាន ៣លើកដូចគ្នាផងដែរនៅក្នុងឆ្នាំ១៩៦៤ អេស្ប៉ាញបានយកឈ្នះក្រុមសហភាពសូវៀត (រុស្ស៊ី) ហើយនៅឆ្នាំ២០០៨ បានយកឈ្នះក្រុមអាល្លឺម៉ង់ និងឆ្នាំ២០១២ បានយកឈ្នះអ៊ីតាលីយ៉ាងចាស់ដៃ ៤-០ គ្រាដែលបារាំង ក៏ជាក្រុមលើកពានបាន ២លើកផងដរក្នុងឆ្នាំ១៩៩៨ និងឆ្នាំ២០០០ ដែលជាក្រុមឈ្នះបានច្រើនជាងគេនៅតំបន់អឺរ៉ុប។
គួររំលើកផងថា ក្រុមដែលធ្លាប់ឈ្នះពាន UEFA Euro បាន ១លើកមានក្រុមសហភាពសូវៀត (រុស្ស៊ី) ក្នុងឆ្នាំដំបូង១៩៦០ ហើយក្រុមជម្រើសជាតិអ៉ីតាលី ធ្វើបាននៅឆ្នាំ១៩៦៨ សាធារណរដ្ឋឆេក ឆ្នាំ១៩៧៦ ហូឡង់ នៅឆ្នាំ១៩៨៨ ដាយណឺម៉ាក នៅឆ្នាំ១៩៩២ ក្រិក ឆ្នាំ២០០៤ និងចុងក្រោយព័រទុយហ្គាល់ ឆ្នាំ២០១៦។
ការប្រកួត Euro 2020 ដែលលើកមកឆ្នាំ២០២១នេះ នឹងធ្វើឡើងនៅថ្ងៃទី១១ ខែមិថុនាដល់ថ្ងៃទី១១ ខែកក្កដាខាងមុខដោយមាន ២៤ក្រុមចូលរួម៕