(ភ្នំពេញ)៖ នៅក្នុងអំឡុងពេលបិទខ្ទប់ មានការសង្កេតឃើញថា ប្រជាជនដែលជាប់គាំងដោយសារបទបញ្ជាឲ្យស្នាក់នៅផ្ទះ មិនអាចទៅប្រើប្រាស់សេវាធនាគារ ឬទៅហាងដោយផ្ទាល់ខ្លួនបាននោះ ដោយសារហានិភ័យកំពុងកើតឡើងពីការឆ្លងជំងឺកូវីដ១៩ មនុស្សម្នាក់ៗឈប់ទិញទំនិញដោយទៅហាងទៀត និងជំនួសមកទិញតាមអនឡាញវិញ ព្រោះពួកគេជៀសវាងកាន់សាច់ប្រាក់ដោយផ្ទាល់ និងប៉ះពាល់ម៉ាស៊ីនដកប្រាក់ផងដែរ។

លោក ងួន វាសនា នាយកផ្នែកអភិវឌ្ឍអាជីវកម្មនៃក្រុមហ៊ុន BPC ប្រចាំប្រទេសកម្ពុជា ឡាវ ភូមា បានលើកឡើងឲ្យដឹងថា ការរីករាលដាលនៃជំងឺកូវីដ១៩ បានផ្លាស់ប្ដូរជាមូលដ្ឋាននូវវិធី ឬរបៀបដែលប្រជាពលរដ្ឋ និងគ្រឹះស្ថាន ធ្វើប្រតិបត្តិការអាជីវកម្មរបស់ខ្លួន ដែលនាំឲ្យមានការតម្រូវទៅលើការផ្លាស់ប្ដូរប្រព័ន្ធឌីជីថលបន្ថែមទៀត ជាងពេលណាៗទាំងអស់។ សម្រាប់សេវាធនាគារ និងហិរញ្ញវត្ថុ នៅក្នុងប្រទេសកម្ពុជា ដែលការផ្លាស់ប្ដូរកំពុងកើតឡើងឆ្ពោះ ទៅរកការធ្វើពាណិជ្ជកម្មតាមប្រព័ន្ធឌីជីថល នឹងកើតមានកាន់តែឆាប់រហ័ស និងទូលំទំលាយ។

លោកបញ្ជាក់ថា ការផ្លាស់ប្ដូរជាទូទៅអំពីវិធី ដែលប្រជាពលរដ្ឋទូទាត់ថ្លៃទំនិញ និងសេវារបស់ពួកគេ តាមរយៈការទូទាត់ប្រាក់ តាមប្រព័ន្ធឌីជីថលភ្លាមៗ ដែលកំពុងតែមានប្រជាប្រិយភាពខ្លាំង ឡើងផងដែរ។

លោកបញ្ជាក់ទៀតថា នៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក មានអ្នកប្រើប្រាស់ចំនួន៤១% បានធ្វើប្រតិបត្តិការពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិចចំនួន៥ ឬច្រើនជាង៥ ប្រតិបត្តិការនៅក្នុងរយៈពេលបីខែមុន ដោយអ្នកប្រើប្រាស់ភាគច្រើនបាននិយាយថា ទោះបីជាការរីករាលដាលជំងឺនេះ បានកន្លងផុតទៅហើយក៏ដោយ ក៏ពួកគេនៅតែបន្តប្រើប្រាស់ការទូទាត់ប្រាក់ តាមប្រព័ន្ធឌីជីថលជាដដែលទេ ជំនួសឲ្យការត្រឡប់ទៅប្រើប្រាស់សាច់ប្រាក់សុទ្ធវិញ។

ដូច្នេះហើយមានការកើនឡើង នូវតម្រូវការក្នុងការទូទាត់ប្រាក់ ដែលមិនបង្កហានិភ័យ ចំពោះអ្នកប្រើប្រាស់ ងាយស្រួល និងមិនចាំបាច់ជួបផ្ទាល់។ ការទូទាត់ប្រាក់តាមប្រព័ន្ធឌីជីថល ធ្វើឲ្យការបង់ប្រាក់កាន់តែងាយស្រួលជាងពេលណាៗទាំងអស់ ក្នុងការចាយវាយ ចែករំលែក និងសន្សំទុកដោយប្រតិបត្តិការភាគច្រើន លើសលុបធ្វើឡើងតាមរយៈទូរស័ព្ទដៃចល័ត។

លោកបន្ដថា ការវិវដ្ដឆ្ពោះទៅរកការធ្វើពាណិជ្ជកម្មតាមប្រព័ន្ធឌីជីថលនេះ បង្កើតឲ្យមាននូវបទពិសោធន៍ នៃការទិញទំនិញយ៉ាងរលូនសម្រាប់អតិថិជន និងជាបរិយាកាសទ្រទ្រង់បន្ថែមទៀត ដល់ការធ្វើអាជីវកម្ម ដែលមានលំហូរការទូទាត់ប្រាក់កាន់តែឆាប់រហ័ស និងតម្លាភាព។

រហូតមកដល់ពេលនេះ មានប្រជាពលរដ្ឋកម្ពុជារាប់លាននាក់ ដើរក្រោយគេ ក្នុងនោះតិចជាង ៥%នៃប្រជាជនកម្ពុជាសរុបចំនួន ១៦លាននាក់អាចប្រើប្រាស់ សេវាហិរញ្ញវត្ថុងាយៗបាន ខណៈដែលការគ្របដណ្ដប់នៃសេវាអ៊ិនធឺណែត និង ការប្រើប្រាស់ទូរស័ព្ទចល័តមានចំនួនខ្ពស់។

លោកបន្ថែមថា ការលេចឡើងនូវបច្ចេកវិទ្យាទូទាត់ប្រាក់ ត្រូវបានស្វាគមន៍នៅក្នុងអំឡុងពេលនៃការរីករាលដាលជំងឺ នៅពេលដែលធនាគារ និងអ្នករៀបចំគោលនយោបាយប្រែក្លាយវិបត្តិ ទៅជាឱកាសសម្រាប់ការធ្វើឌីជីថលភាវូបនីយកម្ម ដែលកំពុងកើតឡើងទៅលើសេវាកម្មហិរញ្ញវត្ថុ។ អតិថិជនអាចផ្ញើ ឬទទួលលុយតាមរយៈទូរស័ព្ទចល័តរបស់ពួកគេ នៅក្នុងប្រព័ន្ធទូទាត់មួយ ដែលទាំងមានប្រសិទ្ធភាព និងសន្តិសុខ។

ការកើនឡើងនូវកម្រិតនៃការចូលប្រើប្រាស់សេវាធនាគារ ដែលធ្វើឲ្យកម្រិតនៃការដាក់បញ្ចូល ទៅក្នុងប្រតិបត្តិការហិរញ្ញវត្ថុ នៅទូទាំងប្រទេសកម្ពុជា កើនឡើងខ្ពស់ដែរ ព្រោះប្រជាពលរដ្ឋអាចមើលឃើញនូវតួលេខទឹកប្រាក់របស់ពួកគេ និងអាចគ្រប់គ្រងហិរញ្ញវត្ថុរបស់ពួកគេបានថែមទៀតផង។

លោកក៏បានរំលឹកថា ធនាគារ គឺជាឧបករណ៍មួយ ដែលអាចបញ្ជៀសពីការប្រើប្រាស់សាច់ប្រាក់សុទ្ធ ហើយត្រូវតែចាប់យកនូវតួនាទី ដែលកាន់តែសំខាន់ជាងនេះ នៅក្នុងការទូទាត់ប្រាក់ សម្រាប់រាល់ប្រតិបត្តិការគ្រប់ប្រភេទ រួមមានប្រតិបត្តិការទូទាត់ទាំងឡាយណានៅក្នុងប្រព័ន្ធដឹកជញ្ជូនសាធារណៈជាដើម ដែលវិស័យនេះកំពុងតែធ្វើការផ្លាស់ប្ដូរនូវប្រព័ន្ធឌីជីថលរបស់ខ្លួនផងដែរ៕