(ភ្នំពេញ)៖ បុគ្គលិកបំរើការងាររបស់ក្រុមហ៊ុនដឹកអ្នកដំណើរ ឡារីតា ទាំងអស់បានចាក់វ៉ាក់សាំងការពារជម្ងឺកូវីដ ១៩ ដូសទី ២ រួចរាល់ហើយ តាមការអំពាវនាវរបស់ប្រមុខរាជរដ្ឋាភិបាល និងក្រសួងសុខាភិបាល ដែលធ្វើឲ្យអ្នកដំណើរ ដែលបានប្រើប្រាស់សេវាកម្មរបស់ក្រុមហ៊ុនឡារីតាផ្ទាល់ កាន់តែមានទំនុកចិត្តខ្ពស់ក្នុងការធ្វើដំណើរ។
ទន្ទឹមនឹងការទទួលបានវ៉ាក់សាំងការពាររួចរាល់ចាក់ជូនបុគ្គលិកតាមចំនួនដូស ដែលក្រសួងសុខាភិបាលបានកំណត់ ក្រុមហ៊ុនដឹកអ្នកដំណើរ ឡារីតា នៅតែបន្តអនុវត្តន៍នូវវិធានការការពារនានាចំពោះអ្នកដំណើរ និង បុគ្គលិក ដោយយកចិត្តទុកដាក់ជាទីបំផុត តាមការណែនាំរបស់ប្រមុខរាជរដ្ឋាភិបាល និង ក្រសួងសុខាភិបាល ដូចជា ៖
*អ្នកដំណើរ និងបុគ្គលិកទាំងអស់តម្រូវអោយពាក់ម៉ាស់ជាប្រចាំ
*ស្កេន QR Code ទប់ស្កាត់កូវីដ ១៩
*ចំនួនភ្ញៀវក្នុងរថយន្តត្រូវបានកាត់បន្ថយពី ១៥នាក់ មកនៅត្រឹម៩នាក់ ក្នុងមួយឡាន ដើម្បីរក្សាគម្លាតជូនដល់អ្នកដំណើរ
*ត្រួតពិនិត្យសីតុណ្ហភាពអ្នកដំណើរគ្រប់រូប
*សម្រង់ទិន្នន័យពត៌មានអ្នកដំណើរទាំងអស់ មុនពេលចេញដំណើរ ដោយសហការជាមួយអាជ្ញាធរមានសមត្ថកិច្ចនៅច្រកព្រំប្រទល់ខេត្តសៀមរាប និងកំពង់ធំ
*មានទូរថ្នាំសម្លាប់មេរោគ និង បាក់តេរី គ្រប់សាខារបស់ឡារីតា សម្រាប់អ្នកដំណើរប្រើប្រាស់
*អ្នកដំណើរទាំងអស់តម្រូវឲ្យលាងសំអាតដៃជាមួយអាកុលសម្លាប់មេរោគពេលចូលមកដល់ និង មុនពេលចេញដំណើរ
*នៅខាងក្នុងរថយន្ត តាមកន្លែងអង្គុយ ភ្នាក់ដៃ បង្កាន់ដៃ ដៃទ្វារ និងកន្លែងងាយចាប់កាន់នានា ត្រូវបានបាញ់ថ្នាំសម្លាប់មេរោគមុន ១៥ នាទី មុនពេលចេញដំណើរ
*កាបូប វ៉ាលី និងអីវ៉ាន់របស់អ្នកដំណើរទាំងអស់ ត្រូវធ្វើការបាញ់អាកុលសម្លាប់មេរោគ មុនពេលដាក់ចូលទៅក្នុងរថយន្ត
*រថយន្ត និងកន្លែងរង់ចាំរបស់អ្នកដំណើរ ក្រុមហ៊ុនតែងតែធ្វើការបាញ់ថ្នាំសម្លាប់មេរោគជាប្រចាំតាមតារាងវេលាដែលបានកំណត់
*ចូលរួមអនុវត្ត ៣ការពារ ៣កុំ តាមការណែនាំរបស់ប្រមុខរាជរដ្ឋាភិបាល
តំណាងក្រុមហ៊ុន បានលើកឡើងថា ក្នុងនាមថ្នាក់ដឹកនាំ និងបុគ្គលិកឡារីតា ទាំងអស់ សូមគោរពថ្លែងអំណរគុណដ៏ជ្រាលជ្រៅចំពោះ ក្រសួងសុខាភិបាល និងជាពិសេសប្រមុខរាជរដ្ឋាភិបាលដែលដឹកនាំដោយ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលសម្តេចតែងតែយកចិត្តទុកដាក់ រួមសុខរួមទុក្ខជាមួយប្រជាជនគ្រប់កាលៈទេសៈទាំងអស់ ជាពិសេសក្នុងស្ថានភាពដ៏លំបាកនៃការប្រយុទ្ធប្រឆាំងនឹងសត្រូវឥតស្រមោលនៃជំងឺកូវីដ-១៩ នេះ ។
លើសពីនោះ សម្តេចបានស្វះស្វែងរកនូវវ៉ាក់សាំងការពារកូវីដ ១៩ មកចាក់ជូនដល់ប្រជាពលរដ្ឋដោយឥតគិតថ្លៃ និង មិនមានការរើសអើងនិន្នាការនយោបាយ ជាតិសាសន៍ ។ គុណបំណាច់ ដ៏ថ្លៃថ្លារបស់សម្តេច ធ្វើឲ្យប្រជាពលរដ្ឋទាំងអស់នឹងចងចាំជាប់ក្នុងក្រអៅបេះដូង និងចូលរួមជាមួយប្រមុខរាជរដ្ឋាភិបាលថែរក្សាសន្តិភាព និងការអភិវឌ្ឍន៍នៅកម្ពុជា ឲ្យកាន់តែរីកចម្រើនថែមទៀត៕
អរគុណ សន្តិភាព.! អរគុណ សម្តេចតេជោ នាយករដ្ឋមន្ត្រី .!