(កូរ៉េ)៖ តារាចម្រៀង IU ត្រូវបានរាយការណ៍ថា ទើបតែទិញអាផាតមិនដ៏ទំនើបមួយកន្លែង នៅតំបន់ដ៏មានសក្តានុពល គឺ Eterno Chungdam ទីក្រុងសេអ៊ូល ហើយបើនិយាយពីតម្លៃវិញ គឺរហូតដល់ទៅ១១.៤លានដុល្លារឯណោះ។ ក្រោយការទិញលក់នេះត្រូវបានបង្ហាញជាសាធារណៈ គេសង្កេតឃើញថាអ្នកគាំទ្រតារាស្រីរូបនេះ ហាក់ចាប់អារម្មណ៍ជាខ្លាំង ត្បិតខុនដូ នៅ Eterno Chungdam ជាទីតាំងមួយមានតម្លៃថ្លៃ និងតារាល្បីៗជាច្រើនបានរស់នៅទីនោះ។
បើតាមការចេញផ្សាយរបស់សារព័ត៌មាន Koreaboo នាពេលថ្មីៗនេះបានឲ្យដឹងថា តារាចម្រៀងល្បីឈ្មោះរបស់កូរ៉េ IU បានតែទិញខុនដូមួយ Unit ដែលស្ថិតនៅតំបន់ដ៏មានសក្តានុពល Eterno Chundam ក្នុងទីក្រុងសេអ៊ូល។ ខុនដូនោះមានតម្លៃ ១៣ពានលានវ៉ុន (១១,៧២៤,៣៩៧.១០ លានដុល្លារអាមេរិក) ជាមួយនឹងទំហំ ២៤៣ម៉ែត្រការ៉េ ស្ថិតនៅជាន់ទី១០។
គួរជម្រាបថា ក្រោយទិញខុនដូថ្មីនេះ IU បានដាក់ពាក្យសុំការស្នាក់នៅ នៅការិយាល័យទីក្រុង Gangnam ដោយប្រកាសពីគោលបំណងរបស់នាងក្នុងការរស់នៅទីនោះ ជាជាងការទិញសម្រាប់វិនិយោគ ខណៈកាលពីឆ្នាំ២០១៩ IU ក៏ត្រូវបានគេដឹងថា បានលក់វីឡាមួយកន្លែង ដែលជាកន្លែងស្នាក់នៅចាស់ ស្ថិតក្នុងតំបន់ Bangbaedong៕