(អាល្លឺម៉ង់)៖ ក្លិបបាល់ទាត់ VfL Wolfsburg ដែលលេងក្នុងលីគ Bundesliga របស់អាល្លឺម៉ង់ នាថ្ងៃពុធ បានតែងតាំងអតីតកីឡាករលំដាប់អន្តរជាតិហូឡង់ លោក Mark van Bommel ជាគ្រូបង្វឹកថ្មីរបស់ក្លិប។ នេះបើយោងតាមសារព័ត៌មាន CNA ចេញផ្សាយនាយប់ថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២១នេះ។

គ្រូបង្វឹកវ័យ ៤៤ឆ្នាំ van Bommel បានចុះហត្ថលេខាលើកិច្ចសន្យារយៈពេល២ឆ្នាំ ដោយនឹងបន្តតំណែងពីលោក Oliver Glasner ដែលបានលាលែងពីតំណែង ដើម្បីទៅចូលរួមជាមួយក្លិប Eintracht Frankfurt បន្ទាប់ពីបានដឹកនាំក្លិប Wolfsburg បញ្ចប់ឈរនៅលំដាប់លេខ៤ ហើយជាប់ទៅប្រជែងក្របខណ្ឌទី១ អឺរ៉ុបChampions League នៅរដូវកាលក្រោយ។

«លោក Mark van Bommel គឺជាដំណោះស្រាយ ដែលយើងប្រាថ្នាចង់បាន ហើយយើងជឿជាក់ថា នឹងរួមគ្នាជាមួយក្រុមគ្រូបង្វឹករបស់គាត់ ដោយអាចបន្តផ្លូវជោគជ័យសម្រាប់ក្លិប VfL Wolfsburg ដែលកំពុងស្ថិតនៅបន្តទៀត», នេះបើតាមសម្តី CEO ក្លិប លោក Joerg Schmadtke បានលើកឡើងនៅក្នុងសេចក្តីថ្លែងការណ៍។

Van Bommel បានចំណាយពេលវេលា៥ឆ្នាំ នៅក្លិប Bayern Munich ជាកីឡាករនៅចម្លោះឆ្នាំ២០០៦ដល់ឆ្នាំ២០១១ ហើយក៏បានលេងឲ្យក្លិប FC Barcelona និង AC Milan ផងដែរ។

គួររំលឹកថា តួនាទីជាគ្រូបង្វឹកចុងក្រោយរបស់លោក Van Bommel គឺនៅឯក្លិប PSV Eindhoven របស់ហូឡង់ក្នុងឆ្នាំ២០១៩៕