(ភ្នំពេញ)៖ បន្ទាប់ពីបានរួតរះហោះទៅសហរដ្ឋអាមេរិក ជាមួយស្វាមីភ្លែត ក្រោយជាសះស្បើយពីជំងឺកូវីដ-១៩ គិតរហូតមកដល់ពេលនេះ គឺមានរយៈពេលជាង១ខែហើយ ដែលតារាចម្រៀង សុគន្ធ នីសា បានផ្ញើខ្លួនលើទឹកដីសម្បូរដុល្លារមួយនេះ។ គ្រាន់តែចូលដល់ដើមខែមិថុនា តារាចម្រៀងសំឡេងស្រទន់ សុគន្ធ នីសា បានបញ្ជាក់ប្រាប់អ្នកគាំទ្រថា នាងនឹងវិលត្រឡប់មកប្រទេសកម្ពុជាវិញហើយ ក្រោយបញ្ចប់ភារកិច្ចផ្ទាល់ខ្លួន ទោះស្ថិតក្នុងវិបត្តិនៃជំងឺកូវីដ-១៩ នៅក្នុងប្រទេសកំណើតរបស់ខ្លួន ហាក់នៅមិនទាន់ធូរស្រាលក្ដី។
ជាការពិត ការធ្វើដំណើរទៅសហរដ្ឋអាមេរិក ទាំងកាលៈទេសៈជំងឺកូវីដ-១៩នោះ ត្រូវបានតារាចម្រៀង សុគន្ធ នីសា បញ្ជាក់ថា ដោយសារតែមានរឿងគ្រួសារចាំបាច់មួយចំនួន ត្រូវដោះស្រាយ ខណៈ នេះទំនងជាបញ្ចប់ភារកិច្ចអស់ហើយ ទើបប្រឡប់មកស្រុកកំណើតវិញនេះ យ៉ាងដូច្នេះ។
រូបជាច្រើនសន្លឹកបានបង្ហោះចេញពី Boston សហរដ្ឋអាមេរិក សុគន្ធ នីសា បានប្រាប់ដល់អ្នកគាំទ្រ នៅថ្ងៃទី០២ ខែមិថុនានេះថា «ស្អែកនេះដល់ថ្ងៃដែលខ្ញុំត្រឡប់ទៅកម្ពុជាហើយ»។ អ្នកគាំទ្រជាបន្តបន្ទាប់ បាន Comment ស្វាគមន៍តារាស្រីរូបនេះ ក្នុងការវិលត្រឡប់មកស្រុកកំណើតវិញ ជាមួយនឹងពាក្យជូនពរ សូមឲ្យមានសុវត្ថិភាពពេលធ្វើដំណើរ។
គួរជម្រាបថា តារាចម្រៀង សុគន្ធ នីសា បានធ្វើដំណើរទៅសហរដ្ឋអាមេរិក ជាមួយស្វាមីនៅអំឡុងពាក់កណ្តាលខែមេសា ឆ្នាំ២០២១ បន្ទាប់ពីនាងបានជាសះស្បើយ ពីជំងឺកូវីដ-១៩ បានត្រឹមមួយថ្ងៃប៉ុណ្ណោះ។ ត្បិតទៅដល់ទឹកដីស្រុកគេក៏ពិតមែន តែជានិច្ចកាលតារារូបនេះ តែងតែបង្ហាញការនឹករឭកដល់បងប្អូននៅស្រុកខ្មែរ ហើយមានអ្នកគាំទ្រជាច្រើន កំពុងរង់ចាំវត្តមាននាងត្រឡប់មកវិញ ជាពិសេសរង់ចាំបទចម្រៀងថ្មីរបស់តារារូបនេះផងដែរ៕