(អាមេរិក)៖ ការប្រគំតន្រ្តីដ៏ល្បី និងធំបំផុតមួយរបស់ពិភពលោក ឈ្មោះ «The Coachella music festival» ដែលតែងតែធ្វើឡើងនៅ តំបន់វាលខ្សាច់ភាគខាងត្បូងរដ្ឋកាលីហ្វ័រញ៉ា ត្រូវបានប្រកាសថា នឹងប្រារព្ធឡើងវិញជាលើកដំបូង នៅក្នុងខែមេសា ឆ្នាំ២០២២ខាងមុខ បន្ទាប់ពីផ្អាករយៈពេល២ឆ្នាំ ដោសសារវិបត្តិជំងឺរាតត្បាតសាកលកូវីដ-១៩។
តាមការចេញផ្សាយរបស់សារព័ត៌មាន Reuters នៅថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០២១ បានឲ្យដឹងថា ការប្រគំតន្រ្តី ដែលមានអាយុកាលជាង២០ឆ្នាំមួយនេះ ត្រូវបានគេចាត់ទុកថា ជាព្រឹត្តិការណ៍ផ្នែកតន្ត្រីដ៏ធំបំផុតមួយរបស់ពិភពលោក និងត្រូវបានលុបចោលការប្រារព្ធតាំងពីឆ្នាំ២០២០ ដោយសារតែកូវីដ-១៩។ រហូតមកទល់នឹងឆ្នាំ២០២១នេះ អ្នករៀបចំកម្មវិធី គ្រោងនឹងប្រារព្ធវាឡើងវិញ នៅអំឡុងខែតុលា ឆ្នាំ២០២១ ប៉ុន្តែគម្រោងនេះបានសម្រេចលុបចោលទៅវិញ។
គួរជម្រាបថា ការប្រគំតន្រ្តី «The Coachella music festival» មួយនេះបានទាក់ទាញអ្នកចូលទស្សនាជិតខ្ទង់លានអ្នក និងទទួលបានចំណូលយ៉ាងសន្ធឹកសន្ធាប់នាពេលកន្លងមក ដែលជាទូទៅត្រូវបានធ្វើឡើងនៅចុងសប្តាហ៍។ បើតាមអ្នករៀបចំកម្មវិធី ពេលវេលាសម្រាប់គម្រោងប្រគំតន្ត្រីនេះក្នុងឆ្នាំ២០២២ នឹងត្រូវធ្វើឡើងចាប់ពីថ្ងៃទី ១៥-១៧ ខែមេសា និងចាប់ពីថ្ងៃទី ២២-២៤ មេសា។ ទោះជាបែបនេះក្តី តារាល្បីៗដែលនឹងចូលរួមកម្មវិធីនេះ នៅមិនទាន់បានប្រកាសជាផ្លូវការឡើយ៕