(ភ្នំពេញ)៖ រាជរដ្ឋាភិបាលកម្ពុជាបានចេញ ស.ជ.ណ អនុញ្ញាតឲ្យក្រុមជម្រើសជាតិបើកការប្រមូលផ្ដុំហ្វឹកហាត់ឡើងវិញហើយ ក្រោយផ្អាកមួយរយៈ ដោយសារការអូសបន្លាយ នៃព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ ប៉ុន្ដែគ្រូបង្វឹក និងកីឡាករ-កីឡាការិនីជម្រើសជាតិ នឹងត្រូវអនុវត្តក្នុងលក្ខខណ្ឌពិសេសមិនធ្លាប់មានឡើយ ដើម្បីធានាការអភិវឌ្ឍសមត្ថភាពធនធានកីឡាជំនាញឆ្ពោះទៅស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ នៅប្រទេសកម្ពុជា។

លោកបណ្ឌិត ថោង ខុន រដ្ឋមន្ដ្រីក្រសួងទេសចរណ៍ និងជាអនុប្រធានអចិន្ដ្រៃយ៍ នៃគណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ (CAMSOC) បានថ្លែងក្នុងកិច្ចប្រជុំគណៈអចិន្ដ្រៃយ៍ នៅថ្ងៃទី២៥ ខែឧសភានេះថា ការសម្រេចរបស់រាជរដ្ឋាភិបាលកម្ពុជា ធ្វើឡើងក្រោយទទួលបានសេចក្ដីសម្រេចពីសម្ដេចតេជោនាយករដ្ឋមន្ដ្រី ហ៊ុន សែន តាមរយៈការស្នើសុំរបស់សម្ដេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងការពារជាតិ និងជាប្រធានគណៈកម្មាធិការជាតិ CAMSOC កាលពីថ្មីៗ ។

នៅក្នុង ស.ជ.ណ ខាងលើ រាជរដ្ឋាភិបាលបានយល់ព្រមជាគោលការណ៍ ២ចំណុចធំៗ៖

ទី១-អនុញ្ញាតឲ្យក្រុមកីឡាជម្រើសជាតិបើកការហ្វឹកហាត់ឡើងវិញ ដោយត្រូវគោរពយ៉ាងម៉ឹងម៉ាត់ដូចតទៅ៖

-ត្រូវបិទទ្វារទីលាន និងក្លិបហ្វឹកហាត់ ហាមអ្នកក្រៅចេញ-ចូល ពិសេសអនុវត្តយ៉ាងម៉ឹងម៉ាត់វិធានការ ៣ការពារ ៣កុំ ទោះបីកីឡាករ-កីឡាការិនី គ្រូបង្វឹក បានចាត់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ចំនួន ២លើករួចហើយក្ដី ។

-ត្រូវត្រួតពិនិត្យកីឡាករ-កីឡាការិនី គ្រូបង្វឹក មិនឲ្យចេញក្រៅផ្ទះ ក្រៅពីទៅមកកន្លែងហ្វឹកហាត់ និងនៅក្នុងកន្លែងស្នាក់នៅរួមតែប៉ុណ្ណោះ ។

-ត្រូវមានគ្រូពេទ្យកីឡាតាមដានសុខភាពកីឡាករ-កីឡាការិនី និងគ្រូបង្វឹកជាប្រចាំ ។

-មិនអនុញ្ញាតឲ្យកីឡាករ-កីឡាការិនី គ្រូបង្វឹក និងមន្ដ្រីកីឡា ថ្នាក់ដឹកនាំកីឡា ដែលមិនបានចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ចេញចូលក្នុងកន្លែងទីលានក្លិបហ្វឹកហាត់ជាដាច់ខាត់ ។

ទី២- អនុញ្ញាតប្រមូលផ្ដុំធនធានមនុស្សជំនាញកីឡា ក្នុងករណីពិសេស៖

-គ្រូ គ្រូបង្វឹកក្រុមជម្រើសជាតិ ដែលជាមន្ដ្រីរាជការ កងកម្លាំងប្រដាល់អាវុធ ត្រូវព្យួរការងារពីអង្គភាព មន្ទីរ ក្រសួង ស្ថាប័នដើមរបស់ខ្លួន ដោយរក្សាប្រាក់បៀវត្ស ដើម្បីមកបង្ហាត់ក្រុមជម្រើសជាតិតាមតម្រូវការកម្មវិធីហ្វឹកហាត់វិទ្យាសាស្ដ្រកីឡា ៨ម៉ោងក្នុងមួយថ្ងៃ រហូតដល់ចប់ស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ ។

-កីឡាករ-កីឡាការិនីជម្រើសជាតិ ដែលជាមន្ដ្រីរាជការ កងកម្លាំងប្រដាប់អាវុធ ត្រូវព្យួរការងារពីអង្គភាព មន្ទីរ ក្រសួង ស្ថាប័នដើមរបស់ខ្លួន ដោយរក្សាប្រាក់បៀវត្ស ដើម្បីហ្វឹកហាត់ពេញ ៨ម៉ោងក្នុងមួយថ្ងៃ រហូតដល់ចប់ស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ ។

-កីឡាករ-កីឡាការិនីជម្រើសជាតិ ជាសិស្ស និស្សិត សិក្សាក្នុងគ្រឹះស្ថានសិក្សាសាធារណៈ និងឯកជន ត្រូវបានលើកទឹកចិត្តដូចតទៅ៖
. អនុញ្ញាតឲ្យធ្វើស្វ័យសិក្សា ដោយមិនបាច់មានវត្តមានជាប្រចាំក្នុងគ្រឹះស្ថានសិក្សា ប៉ុន្ដែអនុញ្ញាតឲ្យប្រឡង និងអាចរៀបចំការប្រឡងពិសេសក្នុងករណីចាំបាច់បំផុត ។
. រៀបចំយន្ដកាករបំប៉នកាករសិក្សាបន្ថែមតាមមធ្យោបាយរបស់គ្រឹះស្ថានសិក្សា
. អនុញ្ញាតឲ្យកីឡាករ-កីឡាការិនីជម្រើសជាតិ ជាសិស្ស និសិ្សត សិក្សាក្នុងគ្រឹះស្ថានសិក្សា ៤ថ្ងៃ (ច័ន្ទ អង្គារ ពុធ ព្រហស្បតិ៍) ដើម្បីទុកថ្ងៃសុក្រ សៅរ៍ និងអាទិត្យ ឲ្យបានហ្វឹកហាត់ពេញម៉ោង ដើម្បីរក្សានិរន្ដភាព ភាពគត់មត់នៃគុណផលកីឡា ។

. ក្រសួងអប់រំ យុវជន និងកីឡា ឬគ្រឹះស្ថានសិក្សា ត្រូវពិនិត្យលទ្ធភាពលើកទឹកចិត្តផ្ដល់ពិន្ទុប្រឡងជាមុន តាមរយៈការវិនិច្ឆ័យរបស់ក្រសួងអប់រំ យុវជន និងកីឡា ឬគ្រឹះស្ថានសិក្សាសាមី ។

ជុំវិញការសម្រេចរបស់រាជរដ្ឋាភិបាលកម្ពុជានេះ លោក វ៉ាត់ ចំរើន អគ្គលេខាធិការ CAMSOC និងជាអ្នកជំនាញកីឡា បានសម្ដែងការគាំទ្រពេញទំហឹង ទោះបីស្ថិតក្នុងលក្ខខណ្ឌហ្វឹកហាត់បិទខ្ទប់ក្ដី ។ លោកបានជំរុញសហព័ន្ធកីឡាជាតិទាំងអស់ ដែលមានលទ្ធភាព និងសុវត្ថិភាពអាចហ្វឹកហាត់បាន ត្រូវបើកការហ្វឹកហាត់វិញជាបន្ទាន់ ក្រោមស្មារតីទទួលខុសត្រូវខ្ពស់ និងគោរពវិធានការ ៣ការពារ និង ៣កុំ ដើម្បីពង្រឹងគុណផលកីឡាឆ្ពោះទៅស៊ីហ្គេម នៅវៀតណាម នាចុងឆ្នាំ២០២១ នេះផង និងត្រៀមឆ្ពោះទៅស៊ីហ្កេម និងអាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ នៅកម្ពុជាផង ៕