(ភ្នំពេញ)៖ ពិតជាដំណឹងមួយគួរឲ្យក្ដុកក្ដួល សំរាប់តារាចម្រៀង ឆន សុវណ្ណារាជ និងក្រុមគ្រួសារ ក៏ដូចជាអ្នកសិល្បៈទូទៅ ក្រោយពេលបានដឹងថា ម្ដាយបង្កើតរបស់តារាចម្រៀង ឆន សុវណ្ណារាជ បានលាចាកលោកនេះទៅហើយ ដោយរោគលើសឈាម និងគាំងបេះដូង នាយប់រំលងអាធ្រាត្រឈានចូលថ្ងៃទី២៣ខែឧសភា ឆ្នាំ២០២១នេះ។
តារាចម្រៀង ឆន សុវណ្ណារាជ បានបង្ហោះដំណឹងដ៏ក្រៀមក្រំនេះក្នុងបណ្ដាញសង្គមផ្លូវការរបស់ខ្លួនថា «ម៉ាក់ហត់ហើយ ម៉ាក់សំរាកអោយសុខស្រួលណាម៉ាក់ ចាប់ពីថ្ងៃនេះទៅម៉ាក់ឈប់ចាក់ថ្នាំ ម៉ាក់ឈប់លេបថ្នាំច្រើនទៀតហើយ ម៉ាក់បានសុខហើយ ម៉ាកគេងអោយសុខស្រួលណាម៉ាក់ណា កូនស្រលាញ់ម៉ាក់ខ្លាំងណាស់»។
ជាមួយគ្នានេះតារាចម្រៀង ឆន សុវណ្ណារាជ ក៏បានសុំការអភ័យទោសចំពោះម្ចាស់កម្មវិធីដែលបានអញ្ជើញលោកទៅសម្ដែងហើយត្រូវបានលោកស្នើសុំលុបចោលភ្លាមៗ ដោយមិនបានជូនដំណឹងជាមុនផងដែរ។
លោកបញ្ជាក់ថា «ខ្ញុំបាទសូមអភ័យទោសដល់ម្ចាស់កម្មវិធី ដែលខ្ញំបានលុបចោលភ្លាមៗទាំងអស់ផង ដោយក្នងពេលនេះម្តាយរបស់ខ្ញុំបានទទួលមរណភាពហើយ ដោយរោគលើសឈាម និងគាំងបេះដូង សូមអភ័យទោស»។
ជាមួយនឹងកាបង្ហោះសារបង្ហាញឲ្យដឹងជាសាធារណៈនេះ គេសង្កេតឃើញអ្នកសិល្បៈ អ្នកគាំទ្រ និងមហាជនទូទៅ ចូលរួមរំលែកទុក្ខជាហូរហែ និងសូមឲ្យវិញ្ញាក្ខន្ធអ្នកម្ដាយរបស់លោក ឆន សុវណ្ណារាជ បានទៅកាន់សុគតិភព៕