(បាសេឡូណា)៖ Lionel Messi មិនមានឈ្មោះក្នុងប្រកួតចុងក្រោយពេល FC Barcelona បានយកឈ្នះម្ចាស់ផ្ទះ Eibar ១-០ ឡើយនៅថ្ងៃបិទបញ្ចប់រដូវកាលឆ្នាំ២០២០-២០២១ នារាត្រីថ្ងៃសៅរ៍ ទី២២ ខែឧសភានេះ ដែលធ្វើឲ្យក្លិបអ្នកមានបារាំងកាន់តែមានសង្ឃឹម។

លើសពីនេះទៀត ប្រធានក្រុមជម្រើសជាតិអាហ្សង់ទីនខាងលើនេះនៅមិនទាន់ព្រមព្រៀងបន្តកិច្ចសន្យាថ្មី នៅពេលកិច្ចសន្យាចាស់របស់គេនៅទឹកដី Camp Nou ក៏បានផុតកំណត់នៅបំណាច់រដូវកាលនេះដែរ ដោយបានកំពុងស្ថិតក្នុងការពិចារណា និងលួងលោមពីសំណាក់ប្រធានក្លិប និងអ្នកចាត់ការទូទៅ លោក Ronald Koeman ទៀតផង។

នៅចាំបានថា កាលពីខែសីហា ឆ្នាំ២០២០ កីឡាករវ័យ ៣៣ឆ្នាំ Lionel Messi បានផ្ញើសារទៅកាន់ក្លិប FC Barcelona ពីបំណងចាកចេញរបស់គេ និងសំណូមពរដល់ក្លិបសម្រួលដល់ការទិញផ្តាច់កិច្ចសន្យាដែលអ្នកមានបុណ្យដាក់តម្លៃដល់ទៅ ៧០០លានអឺរ៉ូថែមទៀតផង។

លោក Guillen Balague អ្នកជំនាញខាងកីឡានៅអេស្ប៉ាញបានសរសេរបង្ហោះនៅលើ Twitter ដែលត្រូវបានដកស្រង់ចេញផ្សាយដោយ BBC ថា «ចាកចេញ ឬនៅបន្ត ២ឆ្នាំទៀត វាអាស្រ័យទៅលើ Lionel Messi ម្នាក់គត់ដ្បិត Barcelona មានគោលបំណងរុះរើទ្រង់ទ្រាយធំក្រោយបញ្ចប់រដូវកាលនេះ ឬថាតើគាត់ចង់ជួយ PSG លើកពាន UEFA Champions League ម្តង»

ខ្សែប្រយុទ្ធរួមជាតិ Sergio Aguero នឹងចាកចេញពីក្លិបជើងឯក Premier League, Manchester City នៅក្រោយបញ្ចចប់រដូវកាលនេះ ហើយ Barcelona ក៏ជាក្លិបមួយដែលចង់បានរូបគេផងដែរ និងកំពុងប្រជែងជាមួយ Inter Milan ដើម្បីយកខ្សែការពារកណ្តាល Matthijs de Ligt ចេញពី Juventus ទៀតផង៕