(ភ្នំពេញ)៖ ក្លិបបាល់ទាត់វិសាខា បានបំបែកកំណត់ត្រាចំនួន៣ បន្ទាប់ពីយកឈ្នះក្រុមខ្លាំងព្រះខ័នរាជស្វាយរៀង ដោយលទ្ធផល ៣-២ ក្នុងជំនួបបង្គ្រប់សប្ដាហ៍ទី៣ នៃលីគកំពូលកម្ពុជា ខណៈក្រុមភ្នំពេញក្រោនបានឡើងឈរកំពូលតារាងបណ្ដោះអាសន្ន ក្រោយយកឈ្នះក្រុមភ្ញៀវខេត្តព្រៃវែង ៤-១ នៅកីឡដ្ឋាន RSN នៅល្ងាចថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២១។

សម្រាប់ជំនួបដ៏តានតឹងនៅកីឡដ្ឋានព្រីនស៍ ម្ចាស់ផ្ទះវិសាខា បានស៊ុតនាំមុខក្រុមភ្ញៀវ ២គ្រាប់មុន ដោយកីឡាករ រ៉ឹង ប៊ុនហៀង និង Khan Mohammed Faeez នៅនាទីទី៨ និងនាទី២៧ មុនព្រះខ័នរាជស្វាយរៀង វាយបកតាមស្មើ ២-២ វិញ ដោយកីឡាករ Privat និង Mika នៅនាទី៣៨ និងនាទី៦៤។ បន្ទាប់មកក្រុមទាំងពីរ បានព្យាយាមវាយសម្រុកគ្នាកាន់តែខ្លាំងរហូតដល់នាទី៩០+២ ទើបកីឡាករ Ajayi រកបានគ្រាប់ទី៣ ដោយការទាត់បាល់ពិន័យ ១១ម៉ែត្រ ជួយឲ្យវិសាខាទទួលបានជ័យជម្នះ ៣-២ តែម្ដង។

តាមរយៈជ័យជម្នះនេះ បានធ្វើឲ្យវិសាខា បំបែកកំណត់ត្រា៣ ទី១-ពួកគេបានស្គាល់ជ័យជម្នះលើកដំបូង ក្នុងរដូវកាលថ្មី បន្ទាប់ពីឆ្លងកាត់ ៣ប្រកួតលើកទឹកដីរបស់ខ្លួន ជាមួយលទ្ធផលឈ្នះ១ និងស្មើ២។ ទី២-ពួកគេបានផ្ដល់ការបរាជ័យលើកដំបូងដល់ក្រុមជើងឯករងឆ្នាំចាស់ព្រះខ័នរាជស្វាយរៀង និងទី៣-វិសាខា បានយកឈ្នះក្រុមលោក Conor Nestor លើកដំបូង ក្នុងប្រវត្តិជួបគ្នា ៦លើកចុងក្រោយ (ទាំងលើកនេះ) ខណៈ ៥លើកកន្លងមក ស្វាយរៀងមិនធ្លាប់ចាញ់ឡើយ ពោលគឺឈ្នះ ៤ដង និងស្មើម្ដង។

ចំណែកក្រុមភ្នំពេញក្រោន បានបន្ដជ័យជម្នះឈ្នះលើកទី៤ លើក្រុមក្មេងខ្ចីព្រៃវែង ៤-១។ គ្រាប់បាល់ជួយឲ្យក្រុមរហស្សនាមសិង្ហក្រហមបន្ថែម ៣ពិន្ទុនេះ ធ្វើសម្រេចដោយ Ose Takaki នៅនាទី១៤ កីឡាករ Nerto នៅនាទី៥៦ និងនាទី៦៥ និងកីឡាករ Yudai Ogawa នៅនាទី៩០ ខណៈ ១គ្រាប់របស់ព្រៃវែង រកបានដោយកីឡាករ គី រីណា នៅនាទី៨៧។ ជ័យជម្នះនេះនាំឲ្យក្រោន ឡើងឈរកំពូលតារាងបណ្ដោះអាសន្ន និងមាន ១២ពិន្ទុពេញ ក្រោយឈ្នះ ៤ប្រកួតផ្ទួនៗ គ្រាដែលព្រៃវែង ស្គាល់ចាញ់លើកទី២ ក្នុងចំណោម ៤ប្រកួត។

ដោយឡែកកម្មវិធីប្រកួតបង្គ្រប់សប្ដាហ៍ទី៣ នៃលីគកំពូលកម្ពុជានាថ្ងៃទី២៣ ខែឧសភាស្អែក នៅសល់តែ ១ប្រកួតប៉ុណ្ណោះ គឺជំនួបរវាងក្រុមមិនទាន់ស្គាល់ចាញ់អង្គរថាយហ្គឺរ និងក្រុមមិនទាន់ស្គាល់ឈ្នះបឹងកេត នៅកីឡដ្ឋាន SRU ខេត្តសៀមរាប ខណៈ ១ប្រកួតទៀត គឺជំនួបរវាងក្រុមនគរបាលជាតិ និងណាហ្គាវើលដ៏ ត្រូវបានគណៈកម្មការប្រកួតបាល់ទាត់ជាតិកម្ពុជា ប្រកាសលើកពេលកាលពីល្ងាចមិញ គ្រាដែលមានការសង្ស័យពាក់ព័ន្ធនឹងករណីកូវីដ-១៩៕