(អាមេរិក)៖ តារា ហូលីវូដ ដ៏ ល្បី របស់ អាមេរិក និង ជា អ្នក ដឹកនាំ ភាពយន្ត គឺ លោកស្រី Angelina Jolie បាន ថ្លែងនៅក្នុងសន្និសីទកាសែតតាមវីដេអូមួយ នាឱកាសចេញផ្សាយខ្សែភាពយន្ត «Those Who Wish Me Dead» នាពេលថ្មីៗនេះថា លោកស្រីមានចំណង់ចំណូលចិត្ត ចង់ចូលរួមក្នុងវិស័យឧស្សាហកម្មភាពយន្តរបស់កូរ៉េនៅថ្ងៃណាមួយ ប្រសិនបើឱកាសមកដល់។ នេះបើតាមការចេញផ្សាយរបស់សារព័ត៌មាន allkpop នៅថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២១។
តារាហូលីវូដ ដែលមានសញ្ជាតិខ្មែរ លោកស្រី Angelina Jolie បាននិយាយថា «ខ្ញុំកំពុងទន្ទឹងរង់ចាំថ្ងៃដែលខ្ញុំបានទៅប្រទេសកូរ៉េម្តងទៀត។ ខ្ញុំចង់ចូលរួមក្នុងវិស័យភាពយន្តរបស់កូរ៉េ ប្រសិនបើខ្ញុំមានឱកាស»។
តាមពិតទៅ Angelina Jolie ធ្លាប់បានទៅប្រទេសកូរ៉េ ដើម្បីផ្សព្វផ្សាយភាពយន្តរបស់នាង និងមានទំនាក់ទំនងជាមួយប្រទេសនេះកាន់តែខ្លាំង ដោយសារតែកូនប្រុសរបស់នាងគឺ Maddox ត្រូវបានបញ្ជូនទៅសិក្សានៅសាកលវិទ្យាល័យ Yonsei នៃប្រទេសកូរ៉េ ដែលធ្វើឲ្យលោកស្រីចេញចូលប្រទេសនេះញឹកញាប់ដើម្បីសួរសុខទុក្ខកូន។
គេចាំបានថា ថ្មីៗនេះ លោកស្រី Angelina Jolie ក៏ធ្លាប់បានធ្វើការងារជាមួយតារាសម្តែងអាមេរិក កាត់កូរ៉េ Ma Dong Seok ផងដែរ ក្នុងរឿង Marvel «The Eternals»៕