(អាមេរិក)៖ ក្រុមហ៊ុនលក់ទំនិញយក្សរបស់ចិន Alibaba នៅដើមឆ្នាំ២០២១ នេះ ត្រូវបានគេរាយការណ៍មកថាមិនបានដំឡើងប្រាក់បៀវត្ស ឬក៏ប្រាក់លើកទឹកចិត្តបន្ថែមដល់ថ្នាក់ដឹកនាំកំពូលៗនោះទេ ជំនួសមកវិញគឺបានដំឡើងប្រាក់ខែដល់បុគ្គលិកជាន់ខ្ពស់ផ្សេងៗ រួមនឹងបុគ្គលិកដែលបានបម្រើការងារអស់រយៈពេលជាយូរឆ្នាំ។

យោងតាមការចេញផ្សាយរបស់សារព័ត៌មាន Reuters នៅថ្ងៃទី០១ ខែឧសភា ឆ្នាំ២០២១ បានឲ្យដឹងថា ថ្នាក់ដឹកនាំកំពូលៗមិនត្រូវបានទទួលការដំឡើងប្រាក់ខែឬក៏ប្រាក់បន្ថែមលើកទឹកចិត្តនោះទេ ប៉ុន្តែបើសិនជានាយកប្រតិបត្តិកំពូលៗទាំងនេះបានបំពេញការងារពិសេសអ្វីបន្ថែមនោះទើបក្រុមហ៊ុននឹងផ្ដល់ប្រាក់រង្វាន់ជូន ផ្ទុយទៅវិញនៅឆ្នាំនេះក្រុមហ៊ុនលក់ទំនិញយក្សរបស់ចិនមួយនេះ បានយកចិត្តទុកដាក់ និងបានផ្ដល់ប្រាក់បន្ថែមលើកទឹកចិត្ត រួមជាមួយនឹងប្រាក់ខែដល់បុគ្គលិកជាន់ខ្ពស់ និងបុគ្គលិកដែលបម្រើការងារអស់រយៈពេលជាច្រើនឆ្នាំនៅក្នុងក្រុមហ៊ុន Alibaba។

យោងតាមប្រភពខាងលើបានឲ្យដឹងថាថ្នាក់ដឹកនាំកំពូលៗរបស់ក្រុមហ៊ុន Alibaba ភាគច្រើនគឺទទួលបានការដំឡើងប្រាក់ខែចន្លោះពី៥ ទៅ ១០ភាគរយជារៀងរាល់ឆ្នាំជាពិសេសគឺក្រុមហ៊ុនមានការលើកទឹកចិត្តជាភាគហ៊ុនថែមទៀតផង។

សកម្មភាពដែលក្រុមហ៊ុន Alibaba បានធ្វើខាងលើនេះត្រូវបានក្រុមអ្នកឃ្លាំមើលយល់ឃើញថា វាហាក់ដូចជាកំពុងតែកែសម្រួលរចនាសម្ព័ន្ធផ្ទៃក្នុងដើម្បីជៀសឲ្យផុតពីក្រសែភ្នែករបស់រដ្ឋាភិបាលចិនដែលកំពុងតែដាក់គំនាបគៀបសង្កត់មកលើក្រុមហ៊ុនបច្ចេកវិទ្យាយក្សដ៏ធំមួយនេះ ជាពិសេសគឺក្រុមហ៊ុនដែលមានលោក Jack Ma នៅពីក្រោយខ្នង៕