(ថៃ)៖ លោកស្រី Teresa Chaivisut ដែលជាអនុប្រធាននៃគណៈកម្មការរៀបចំកម្មវិធីប្រឡងបវរកញ្ញាលំដាប់ពិភពលោក «Miss Grand International» ត្រូវបានរាយការណ៍មកថា ត្រូវបានធ្វើតេស្តវិជ្ជមានចំពោះកូវីដ-១៩ ខណៈម្តាយរបស់លោកស្រី ក៏បានឆ្លងដូចគ្នាដែរ។
បើយោងតាមផេកផ្លូវការរបស់ «Miss Grand International» បានចេញសេចក្តីប្រកាសព័ត៌មានថា អនុប្រធាននៃគណៈកម្មការរៀបចំកម្មវិធី «Miss Grand International» លោកស្រី Teresa Chaivisut និងម្តាយ ត្រូវបានរកឃើញថា បានឆ្លងជំងឺកូវីដ-១៩។ បច្ចុប្បន្នលោកស្រី និងម្តាយ កំពុងតែទទួលបានការយកចិត្តទុកដាក់ព្យាបាលពីសំណាក់ក្រុមគ្រូពេទ្យ នៃមន្ទីរពេទ្យ Piyavate Hospital នៃប្រទេសថៃ។
គួរជម្រាបថា គិតត្រឹមថ្ងៃសុក្រនេះ ថៃមានករណីឆ្លង COVID-19 សរុប ៦៥,១៥៣ករណី ក្នុងនោះមានអ្នកស្លាប់ ២០៣នាក់ និងជាសះស្បើយវិញ ៣៦,២៥៤នាក់ ខណៈអ្នកជំងឺរហូតដល់ ២៨,៦៩៦នាក់កំពុងសម្រាកព្យាបាល។ ប្រទេសថៃក៏ទើបតែបានប្រកាសអនុញ្ញាត ឲ្យវិស័យឯកជនអាចនាំចូលវ៉ាក់សាំងបង្ការ COVID-19 ពីបរទេសផងដែរ ដើម្បីចូលរួមជាមួយរដ្ឋាភិបាល ក្នុងការផ្តល់សេវាចាក់ជូនប្រជាជន៕