(បរទេស)៖ ផលិតករជនជាតិចិន ដែលនៅពីក្រោយរឿង «Nomadland» គឺលោកស្រី Chloe Zhao បានក្លាយជាជនជាតិអាស៉ីដំបូងបង្អស់ក្នុងប្រវត្តិសាស្ត្រ ដែលឈ្នះពានរង្វាន់ ក្នុងនាមជា «អ្នកដឹកនាំរឿងល្អជាងគេ» ក្នុងព្រឹត្តិការណ៍ពានរង្វាន់លំដាប់ពិភពលោក Oscar។ នេះបើតាមការចេញផ្សាយរបស់សារព័ត៌មាន CNA នៅថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២១។
ផលិតករភាពយន្តជនជាតិចិន លោកស្រី Chloe Zhao បានដឹកនាំរឿង «Nomadland» ដែលបានឈ្នះពានរង្វាន់ «អ្នកដឹកនាំរឿងល្អជាងគេ» ក្នុងព្រឹត្តិការណ៍ Oscar ឆ្នាំ២០២១ កាលពីថ្ងៃទី២៥ ខែមេសា ម្សិលមិញនេះ និងបានធ្វើឲ្យលោកស្រី ជាប់ឈ្មោះជាស្ត្រីជនជាតិអាស៉ីដំបូងបង្អស់ និងជាស្ត្រីទី២ ក្នុងប្រវត្តិសាស្ត្រ Oscar។ ភាពយន្តនេះ «Nomadland» ដែលលោកស្រី Zhao បានដឹកនាំ គឺនិយាយអំពីអ្នកជួបបញ្ហាហិរញ្ញវត្ថុ ហើយសម្រេចរស់នៅបែបរសាត់អណ្តែតក្នុងរថយន្ត កំឡុងសម័យវិបត្តិសេដ្ឋកិច្ចពិភពលោក នៅសហរដ្ឋអាមេរិក។
លោកស្រី Chloe Zhao កើតនៅប្រទេសចិន និងបានរស់នៅទីក្រុង Beijing រហូតដល់អាយុ១៤ឆ្នាំ បន្ទាប់មកពីបានទៅសិក្សានៅទីក្រុង London។ លោកស្រីបានបន្តទៅសិក្សា និងបានបញ្ចាប់ថ្នាក់វិទ្យាល័យនៅទីក្រុង Los Angeles។ បន្ទាប់ពីទទួលការសិក្សានៅសាលាភាពយន្ត ក្នុងទីក្រុង New Yourk លោកស្រី Zhao បានឈ្នះរង្វាន់មួយចំនួនផងដែរ សម្រាប់ភាពយន្តឯករាជ្យ ដែលលោកស្រីបានផលិត។
គួរជម្រាបថា លោកស្រី Zhao គឺជាស្ត្រីទី២ ក្នុងប្រវត្តិសាស្ត្រ Oscar ដែលឈ្នះពានរង្វាន់ «អ្នកដឹកនាំរឿងល្អជាងគេ» ក្នុងព្រឹត្តិការណ៍ពានរង្វាន់ Oscar លើកទី៩៣ ខណៈស្ត្រីដំបូងដែលបានទទួលពានរង្វាន់នេះ គឺលោកស្រី Kathryn Bigelow ដែលបានឈ្នះកាលពីឆ្នាំ២០១០ សម្រាប់ភាពយន្តនិយាយពីសង្រ្គាមនៅអ៉ីរ៉ាក់ មានចំណងជើងថា «The Hurt Locker»៕