(ក្រុងឡុងដ៍)៖ ក្រុមបាល់ទាត់ Watford បានឈ្នះកៅអីឡើងមកលេងនៅ Premier League វិញហើយជាមួយ Norwich City នារដូវកាលក្រោយ នៅពេលបញ្ចប់ក្នុងចំណាត់ថ្នាក់លេខ២ នៅក្របខណ្ឌទី២ Championship។

Watford ដែលបានបាត់មុខពីលីគកំពូលអង់គ្លេស ក្នុងរដូវកាលឆ្នាំ២០១៩-២០២០ នោះ បានយកឈ្នះក្រុមភ្ញៀវ Millwall ក្នុងលទ្ធផល ១-០ ដែលជា ៣ពិន្ទុសំខាន់ក្នុងដីនៃការកក់កៅអីមកលេងនៅ Premier League វិញនារដូវកាលក្រោយ ឆ្នាំ២០២១-២០២២ ពីការបញ្ចប់ចំណាត់ថ្នាក់លេខ២ នៅ Championship ដោយមាន ៨៨ពិន្ទុតាមពីក្រោយក្រុមកំពូលតារាង ចាបក្រុង Norwich City ដែលមាន ៩៣ពិន្ទុនៅសល់ ២ប្រកួតក្នុងដៃដូចគ្នា ដើម្បីប្រជែងយកជើងឯក។

កីឡាករខ្សែបម្រើស្លាប Ismila Sarr ជាអ្នករកបានគ្រាប់ជ័យជម្នះដោយបាល់ ១១ម៉ែត្រនៅនាទី១១ ដែលបណ្តាលមកពីខ្សែការពារ Billy Mitchell របស់ Millwall បង្កកំហុសដល់កីឡាករសេណេហ្គាល់ខាងលើដួលក្នុងប្រអប់គ្រោះថ្នាក់ ហើយក៏ជាគ្រាប់បាល់ទី១៣ ឲ្យ Watford នារដូវកាលនេះផងដែរ។

កៅអីលេងនៅ Premier League នៅសល់ ១កន្លែងទៀតសម្រាប់ ៤ក្រុមចាប់ពីលេខ៣ ដល់លេខ៦ ធ្វើការប្រជែងគ្នា ដើម្បីជំនួស ៣ក្រុមដែលត្រៀមកាត់ចេញពី PL នារដូវកាលនេះ នៅពេលដែលក្រុម Fulham, West Browich Albion និង Sheffield United បានកំពុងឈរនៅបាតតារាង៕