(ប៉ារីស)៖ ខ្សែប្រយុទ្ធ Kylian Mbappe បានរងរបួសភ្លៅនៅពេលជួយក្រុម Paris Saint-Germain យមឈ្នះម្ចាស់ផ្ទះ Metz ៣-១ ក្នុងព្រឹត្តិការណ៍ Ligue 1 មុន ៤ថ្ងៃបន្ទាប់ត្រូវប៉ះ Manchester City នៃវគ្គ ៤ក្រុមចុងក្រោយ UEFA Champions League។

កីឡាករអន្តរជាតិបារាំង វ័យ ២២ឆ្នាំខាងលើនេះ ជាអ្នកស៊ុតគ្រាប់នាមុខដំបូងត្រឹមចាប់ផ្តើមលេងបាន ៤នាទី និងសម្រេចគ្រាប់ទី២ នៅនាទី៥៩ មុនពេលត្រូវបានប្តូរចេញនៅមុនពេលមិត្តរួមក្រុម Mauro Icardi ទាត់ប៉េណាល់ទីគ្រាប់ទី៣ ចុងម៉ោង គ្រាដែល Fabien Centonze តែតបញ្ចូលទីបានតែ ១គ្រាប់ឲ្យម្ចាស់ផ្ទះ Metz នៅដើមវគ្គទី២។

សមាជិកជួយមាន់គកបារាំង ឈ្នះជើងឯក FIFA World Cup 2018 Kylian Mbappe រកបាន ២៥គ្រាប់ ពីការចូលលេងបាន ២៩ប្រកួតនៅរដូវកាលនេះក្នុងលីគកំពូលបារាំង Ligue 1 ជួយក្រុមការពារតំណែងជើងឯក PSG នាំមុខកំពូលដាច់ ២ពិន្ទុ គ្រាដែលក្រុមលេខ២ Lille អាចឡើងឈរលេខ១ វិញ ប្រសិនបើពួកគេអាចយកឈ្នះ Lyon រាត្រីនេះ។

អតីតក្រុមជើងឯករងនៃ UCL រដូវកាលមុន Paris Saint-Germain នឹងបើកទ្វារកីឡដ្ឋាន Parc des Princes ដើម្បីទទួលក្រុមភ្ញៀវ Manchester City នារាត្រីថ្ងៃពុធសប្តាហ៍ក្រោយ សម្រាប់ជើងទី១ នៃវគ្គ ៤ក្រុមចុងក្រោយ មុនពេល Chelsea ប៉ះ Real Madrid នៅរាត្រីថ្ងៃព្រហស្បតិ៍៕