(កូរ៉េ)៖ តារាសម្តែងប្រុសរបស់កូរ៉េខាងត្បូង ដែលលេចវត្តមានទាំងការសម្តែងតន្ត្រី និងកម្មវិធីទូរទស្សន៍ គឺលោក Son Jun-ho ត្រូវបានធ្វើតេស្ត «វិជ្ជមានកូវីដ-១៩»។ នេះបើតាមការចេញផ្សាយរបស់សារព័ត៌មាន Koreatimes នៅថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២១។
Sidus HQ ក្រុមការងាររបស់តារាប្រុស លោក Son Jun-ho បាននិយាយថា តារារូបនេះ មានអាការៈមិនស្រួលក្នុងខ្លួន ហើយក៏បានស្ម័គ្រចិត្តធ្វើតេស្ត និងបានដាក់ខ្លួនឲ្យនៅដាច់ដោយឡែក ខណៈលទ្ធផលចេញមកគឺបង្ហាញថា លោកមានវិជ្ជមានកូវីដ-១៩ តែម្តង។ បច្ចុប្បន្ននេះ ក្រុមការងារ, សិល្បករ និងប្រពន្ធរបស់តារាប្រុស Son ដែលមានទំនាក់ទំនងជាមួយលោក ត្រូវបានធ្វើតេស្ត និងកំពុងរង់ចាំលទ្ធផល។
តារាប្រុសលោក Son ត្រូវបានគេដឹងថា មានគម្រោងបង្ហាញខ្លួនក្នុងការសម្តែងតន្រ្តី «Dracula» នៅខែក្រោយនេះ ប៉ុន្តែពេលនេះ គេមិនទាន់ដឹងថាកម្មវិធីនេះ នឹងប្តូរការសម្តែង ឬបែបនេះទេ ខណៈសិល្បករដែលមានទំនាក់ទំនងជាមួយលោក ដូចជា Kim Jun-su និង Shin Sung-rok បច្ចុប្បន្នក៏ត្រូវបានធ្វើតេស្ត និងរង់ចាំលទ្ធផលផងដែរ។ ផលិតកម្មដែលរៀបចំការសម្តែង តន្រ្តី «Dracula» បានឲ្យដឹងថា ពួកគេមិនទាន់មានការសម្រេចចិត្តណាមួយ ជុំវិញការផ្លាស់ប្តូរកាលបរិច្ឆេទសម្រាប់ការប្រគំការសម្តែងនេះនៅឡើយទេ។
គួរជម្រាបថា នៅថ្ងៃទី២២ ខែមេសា កន្លងទៅនេះ តារាសម្តែងប្រុស Kwon Hyuk Soo ក៏ត្រូវបានរកឃើញថាមានវិជ្ជមានកូវីដ-១៩។ ការរកឃើញវិជ្ជមានទៅលើសិល្បករកូរ៉េលើកនេះ គឺស្របពេលដែលប្រទេសកូរ៉េខាងត្បូងកំពុងប្រយុទ្ធប្រឆាំងនឹងការកើនឡើងវិញ នៃករណីឆ្លងកូវីដ-១៩។ ប្រទេសកូរ៉េបានរាយការណ៍ករណីឆ្លងថ្មីចំនួន ៧៩៧ ករណី ដែលធ្វើឲ្យចំនួនឆ្លងសរុបឡើងដល់ ១១៧,៤៥៨ ករណីនេះ គិតត្រឹមថ្ងៃសុក្រសប្តាហ៍នេះ។ បើយោងតាមទីភ្នាក់ងារត្រួតពិនិត្យនិងបង្ការជំងឺកូរ៉េ៕