(ភ្នំពេញ)៖ ដោយស្ដែងចេញ ពីសកម្មភាពមនុស្សធម៌ នៅព្រឹកថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២១នេះ ក្រុមហ៊ុនបន្លែ AgriOn Cambodia បានរៀបចំម្ហូបអាហារ ចំនួន៣៥០កញ្ចប់ ដែលម្ហូបអាហារជាបន្លែធម្មជាតិ គ្មានជាតិគីមីដាំដុះដោយកសិករខ្មែរយើង និងទឹកបរិសុទ្ធហាយតិច ចំនួន៣០០កេស ជូនដល់ក្រុមគ្រូពេទ្យស្ម័គ្រចិត្ត យុវជនសម្តេចតេជោ ដែលកំពុងព្យាបាលអ្នកជំងឺកូវីដ-១៩ នៅមន្ទីរពេទ្យហ្លូងម៉ែ។

ក្នុងឱកាសទទួលម្ហូបអាហារចំនួន៣៥០កញ្ចប់ និងទឹកបរិសុទ្ធហាយតិច ចំនួន៣០០កេសខាងលើនេះ ដោយមានការចូលរួម ទទួលដោយតំណាងលោកស្រី ឧកញ៉ាបណ្ឌិត វណ្ណ លុយ ក្រុមគ្រូពេទ្យស្ម័គ្រចិត្តរបស់លោកស្រី ពេជ ចន្ទមុន្នី អនុប្រធានក្រុមប្រឹក្សាភិបាល សមាគមគ្រូពេទ្យស្ម័គ្រចិត្ត យុវជនសម្តេចតេជោ និងថ្នាក់ដឹកនាំ នៃក្រុមហ៊ុនបន្លែ AgriOn Cambodia ជាច្រើនរូបទៀត។

ការឧបត្ថម្ភម្ហូបអាហារ របស់ក្រុមហ៊ុនបន្លែ AgriOn Cambodia នេះ គឺធ្វើឡើងក្រោមសកម្មភាពមនុស្សធម៌ «ខ្មែរជួយខ្មែរ» ដើម្បីចូលរួមសម្រួល ដល់ការលំបាក និងផ្តល់ជាកម្លាំងចិត្តដល់ពួកគាត់ ដែលកំពុងសម្រាកព្យាបាល និងប្រយុទ្ធប្រឆាំងទប់ស្កាត់ ការរាតត្បាតជំងឺកូវីដ១៩ នៅក្នុងមន្ទីរពេទ្យហ្លួងម៉ែ។

លោកស្រី ពេជ ចន្ទមុន្នី និងក្រុមគ្រូពេទ្យស័្មគ្រចិត្ត ក៏បានសម្តែងនូវអំណរគុណ ដល់ក្រុមហ៊ុនបន្លែ AgriOn Cambodia ថ្នាក់ដឹកនាំ និងក្រុមការងារ។

ឆ្លៀតក្នុងឱកាសនេះ ក្រុមហ៊ុនបន្លែ AgriOn Cambodia សូមអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ មេត្តាចូលរួមអនុវត្តវិធានការ របស់រាជរដ្ឋាភិបាល «៣កុំ និង ៣ការពារ» ឲ្យបានម៉ឺងម៉ាត់ជាទីបំផុត ដើម្បីឲ្យស្ថានភាពប្រទេសកម្ពុជា ឆាប់វិលត្រឡប់ទៅរកប្រក្រតីភាពឡើងវិញ៕