(អាមេរិក)៖ ក្រុមហ៊ុនអាកាសចរណ៍ American Airlines បានប្រាប់ឲ្យដឹងនៅថ្ងៃព្រហស្បតិ៍នេះថា ខ្លួនបានខាតបង់ប្រាក់១,២៥ពាន់លានដុល្លារ នៅត្រីមាសដំបូង ឆ្នាំ២០២១នេះ ហើយបានបន្តកាត់បន្ថយថ្លៃដើម ក្នុងនោះរួមទាំងការពន្យារពេលទទួលយកយន្តហោះថ្មី ខណៈខ្លួនរង់ចាំការហោះហើរតាមផ្លូវអាកាសប្រសើរឡើងវិញ ពីការរីករាលដាលនៃមេរោគឆ្លង, នេះបើយោងតាមសារព័ត៌មាន CNA ចេញផ្សាយនាយប់ថ្ងៃទី២២ ខែមេសា ឆ្នាំ២០២១នេះ។

ប្រធាន និងជានាយកប្រតិបត្តិក្រុមហ៊ុន លោក Doug Parker បានលើកឡើងថា ក្រុមហ៊ុនអាកាសចរណ៍ បានបន្តមើលឃើញពីសញ្ញា ដែលតម្រូវការសំបុត្រយន្តហោះ កំពុងមានការកើនឡើង។

American បានបញ្ជាក់ថា ខ្លួនបានខាតបង់ប្រាក់២៧លានដុល្លារអាមេរិក ក្នុងមួយថ្ងៃៗ ក្នុងត្រីមាសដំបូងឆ្នាំនេះ, ដែលចំនួននេះ ធ្លាក់ចុះពី៣០លានដុល្លារក្នុងមួយថ្ងៃៗ ក្នុងត្រីមាសទី៤ ឆ្នាំ២០២០កន្លងទៅ។ ក្រុមហ៊ុនបន្តថា ខ្លួនបានកាត់បន្ថយការចំណាយ ក្នុងឆ្នាំ២០២១នេះ ជាង១,៣ពាន់លានដុល្លារ។

ការធ្វើដំណើរកម្សាន្ត ក្នុងសហរដ្ឋអាមេរិក មានការកើនឡើង នាពេលថ្មីៗនេះ, ជាមួយនឹងអ្នកធ្វើដំណើរប្រមាណ១,៤លាននាក់ បានឆ្លងកាត់អាកាសយានដ្ឋានក្នុងមួយថ្ងៃៗ ក្នុងខែនេះ។ ប៉ុន្តែចំនួននេះ នៅតែមានចំនួនប្រមាណ៤០ភាគរយ ទាបជាងចំនួនអ្នកធ្វើដំណើរ មុនការរីករាលដាលនៃមេរោគ COVID-19 ក្នុងឆ្នាំ២០១៩។

ជាមួយនឹងការធ្វើចរាចរមានកម្រិតទាប, ក្រុមហ៊ុន American បានសម្រេចនូវកិច្ចព្រមព្រៀងមួយ ជាមួយនឹងក្រុមហ៊ុន Boeing ក្នុងការពន្យារពេលប្រគល់យន្តហោះ ប្រភេទ 737 Max ២៣គ្រឿង រហូតដល់ឆ្នាំ២០២៣និង២០២៤ ហើយបានបង្វែរការបញ្ជាទិញយន្តហោះចំនួន៥គ្រឿង ទៅជាប្រភេទយន្តហោះ ដែលមានទំហំធំជាងមុន៕