(ម៉ាឌ្រីដ)៖ Manchester United កាន់តែសង្ឃឹមច្រើនក្នុងការទទួលបានកៅអីឡើងទៅលេងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនៃពានរង្វាន់ UEFA Europa League បន្ទាប់ពីយកឈ្នះគូប្រជែង Granada ក្នុងលទ្ធផល ២-០ ក្នុងជើងទី១ នៃវគ្គ ៨ក្រុមចុងក្រោយនៅរាត្រីថ្ងៃព្រហស្បតិ៍ ទី០៨ ខែមេសា ឆ្នាំ២០២១។
Marcus Rashford ជាអ្នករកបានគ្រាប់ទី១ នៅនាទី៣១ ពីការបញ្ជូនរបស់ Victor Lindelof ដែលជាការធ្វើបានសម្រេចគ្រាប់ទី២ ក្នុងពានអឺរ៉ុបឲ្យបិសាចក្រហមក្នុងរដូវកាលនេះ ដោយមាន ៦គ្រាប់ក្នុងយុទ្ធនាការ UEFA Champions League ផងដែរ នៅមុនពេល Bruno Fernandes ធ្វើបានសម្រេចគ្រាប់ទី២ ដោយបាល់ ១១ម៉ែត្រនៅនាទី៩០។
Man Utd ដែលជាអតីតម្ចាស់ជើងឯក UEL កាលឆ្នាំ២០១៧ ទើបតែចាញ់ម្តងគត់ ក្នុងចំណោម ១៧ប្រកួតចុងក្រោយគ្រប់កម្មវិធី នៅពេលដែលទទួលបានវាយបកយ៉ាងខ្លាំងពីកីឡាករ Yangel Herrera ដែលខ្ចីជើងពី Man City និង Roberto Soldado ដែលជាអតីតកីឡាករក្លិប Tottenham Hotspur យ៉ាងណាក៏ដោយ។
នេះមានន័យថា ក្រុមរបស់លោក Ole Gunnar Solskjaer មាន ២គ្រាប់ចំណេញក្រៅដី មុនលេងបញ្ចប់ជើងទី២ វគ្គ ៨ក្រុមចុងក្រោយនៅទឹកដី Old Trafford ប្រទេសអង់គ្លេសសប្តាហ៍ក្រោយ ដែលជាក្រុមត្រូវប៉ះ Ajax ឬ AS Roma សម្រាប់វគ្គ ៤ក្រុមគ្រាដែល Roma បានយកឈ្នះ Ajax ២-១ ក្នុងជើងទី១ យប់មិញនេះដែរ។
ក្នុងជើងទី២ សប្តាហ៍ក្រោយ Manchester United នឹងអវត្តមានកីឡាករខ្សែបម្រើ Scott McTominay ខ្សែការពារស្លាបឆ្វេង Luke Shaw និងខ្សែការពារកណ្តាល Harry Maguire ដោយសារជាប់បម្រាម៕