(ភ្នំពេញ)៖ ក្រុមហ៊ុន GANZBERG បានបើកយុទ្ធនាការចែកឧបករណ៍បាញ់ថ្នាំ និងចុះបាញ់ថ្នាំ សម្លាប់មេរោគទូទាំងខណ្ឌ ក្នុងរាជធានីភ្នំពេញ ដើម្បីចូលរួមការការពារពីជំងឺ Covid-19 នៅតាមទីតាំងសំខាន់ៗ ក្នុងគោលដៅរួមគ្នាលុបបំបាត់ មេរោគ Covid-19 ក៏ដូចជារួមគ្នាអនុវត្តន៍វិធានការ ៣កុំ ៣ការពារ។
សកម្មភាពដែលបានធ្វើឡើងនៅថ្ងៃពុធ ទី៣១ ខែមីនា ឆ្នាំ២០២១ ម្សិលមិញនេះ វត្តមានរបស់ក្រុមការងារ GANZBERG បាននាំគ្នាចូលរួមយ៉ាងសស្រាក់សស្រាំ ចុះអនុវត្តផ្ទាល់បាញ់ថ្នាំសម្លាប់មេរោគ ដើម្បីរក្សាអនាម័យជូនប្រជាជននៅតាមទីតាំងសំខាន់ៗមួយក្នុងខណ្ឌចំការមន រាជធានីភ្នំពេញ។
គួរបញ្ជាក់ផងដែរថា នេះគឺជាសកម្មភាពសប្បុរសធម៌ជាគំរូមួយរបស់ក្រុមហ៊ុន GANZBERG នៅក្នុងការជួយសង្គម។ ដោយក្រៅពីនេះ កាលពីពេលថ្មីៗកន្លងទៅ ក្រុមហ៊ុន GANZBERG ក៏បានជួយឧបត្ថម្ភជាថវិកាចំនួន ៥០ម៉ឺនដុល្លារផងដែរ ជូនទៅរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា ក្នុងបេសកម្មប្រយុទ្ធប្រឆាំង និងទប់ស្កាត់ជំងឺ COVID-19៕