(ភ្នំពេញ)៖ នៅទីបំផុត តារាចម្រៀង នាយ ចឺម និងក្រុមគ្រួសារ ដែលមានសមាជិកសរុប១៣នាក់ ត្រូវបានក្រុមគ្រូពេទ្យអនុញ្ញាតឲ្យចេញពីកន្លែងធ្វើចត្តាឡីស័ក ត្រឡប់ទៅផ្ទះវិញហើយ បន្ទាប់ពីលទ្ធផលចុងក្រោយបង្ហាញថា មិនមានកូវីដ-១៩ទាំង១៣នាក់។

អតីតតារាកំប្លែង នាយចឺម បានថ្លែងប្រាប់ Fresh News Plus នៅថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២១ថា ក្រុមគ្រួសាររបស់លោក រួមទាំងលោកផ្ទាល់ ត្រូវបានក្រុមគ្រូពេទ្យអនុញ្ញាតឲ្យត្រឡប់ទៅផ្ទះវិញហើយ ពោលគឺចេញពីកន្លែងធ្វើចត្តាឡីស័កតាំងពីល្ងាចថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២១មកម្ល៉េះ។

តារាចម្រៀងរូបនេះបានបន្តថា ទាំងរូបលោក និងក្រុមគ្រួសារទាំងអស់ គឺមិនមានជំងឺដ៏កាចសាហាវកូវីដ-១៩នោះទេ បន្ទាប់ពីបានឆ្លងកាត់ការធ្វើតេស្តសំណាកចំនួន២ដងរួចមក។ ត្បិតលោកនិងក្រុមគ្រួសារ ត្រូវបានអនុញ្ញាតឲ្យចេញពីមណ្ឌលចត្តាឡីស័កក្នុងក្រុងច្បារមន ខេត្តកំពង់ស្ពឺក្តី តែលោកនិងសមាជិកគ្រួសារទាំងអស់ ត្រូវទៅធ្វើចត្តាឡីស័កខ្លួនឯងបន្តទៀតនៅផ្ទះផ្ទាល់ខ្លួន ស្ថិតនៅស្រុកកំណើត ដែលស្ថិតនៅក្នុងឃុំមហាឫស្សី ស្រុកគងពិសី ខេត្តកំពងស្ពឺ។

តាមរយៈបទសម្ភាសន៍ជាមួយ Fresh News Plus នាយចឺម ក៏បានផ្តាំផ្ញើដល់បងប្អូនប្រជាពលរដ្ឋ ជាពិសេសអ្នកគាំទ្រមួយចំនួន កុំឲ្យមានការយល់ច្រឡំថា ក្រុមគ្រួសាររបស់លោកមានជំងឺកូវីដ-១៩ អី ព្រោះមានមហាជនជាច្រើនមានការបារម្ភនិងយល់ច្រឡំថា រូបលោកនិងគ្រួសារមានជំងឺនេះ តែការពិតគឺមិនមានទេ។

នាយ ចឺម ក៏បានជូនពរដល់បងប្អូនប្រជាពលរដ្ឋខ្មែរទាំងអស់ឲ្យជៀសផុតពីជំងឺកាចសាហាវកូវីដ-១៩ និងចូលរួមទប់ស្កាត់ជំងឺនេះទាំងអស់គ្នា ដោយគោរពតាមការណែនាំរបស់ក្រសួងសុខាភិបាល ដើមើ្បចូលរួមប្រយុទ្ធប្រឆាំងជំងឺនេះជាមួយរដ្ឋាភិបាល៕