(ភ្នំពេញ)៖ ក្រុមហ៊ុនផលិតស្រាបៀរ និងភេសជ្ជៈដ៏ល្បីមួយនៅកម្ពុជា ខ្មែរ ប៊ែវើរីជីស នៅថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២១ ចាប់ផ្តើមបរិច្ចាគទឹកបរិសុទ្ធ កម្ពុជា ១៣០០កេស ដល់មន្ទីរពេទ្យចំនួន១៣ ក្នុងខណ្ឌទាំង១៤ របស់រាជធានីភ្នំពេញ ដែលរាជរដ្ឋាភិបាលកំណត់ជាកន្លែងសម្រាប់ផ្តល់វ៉ាក់សាំង AstraZeneca ជូនមនុស្សចាស់អាយុ ៦០ឆ្នាំឡើងទៅ។

ក្រុមហ៊ុននឹងធ្វើការចែកទឹកបរិសុទ្ធ កម្ពុជា ចំនួន១៣០០កេសខាងលើ រយៈពេល១សប្តាហ៍។ ក្នុងនោះ មន្ទីរពេទ្យនីមួយៗនឹងទទួលបានទឹកបរិសុទ្ធ កម្ពុជា ចំនួន១០០កេស សម្រាប់ប្រើប្រាស់ក្នុងមន្ទីរពេទ្យ និងចែកជូនពលរដ្ឋដែលអង្គុយរង់ចាំទទួលវ៉ាក់សាំង។

សម្រាប់ថ្ងៃទី២៩ ខែមីនា ទឹកបរិសុទ្ធ កម្ពុជា ចំនួន៤០០កេស ត្រូវបានចែកជូនដល់មន្ទីរពេទ្យចំនួន ៤រួចមកហើយ រួមមានមណ្ឌលសុខភាពផ្សារដើមថ្កូវ មណ្ឌលសុខភាពជ្រោយចង្វារ មណ្ឌលសុខភាពទួលគោក និងមន្ទីរពេទ្យបង្អែកចតុមុខ។

លោកបណ្ឌិត អ៉ឹម សុធារិទ្ធ នាយកទំនាក់ទំនងសាធារណៈក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស បានថ្លែងថា៖ «ក្រុមគ្រូពេទ្យបានលះបង់ធំធេងណាស់ ដើម្បីការពារអាយុជីវីតរបស់ប្រជាពលរដ្ឋកម្ពុជាពីកូវីដ-១៩។ តាមរយៈការបរិច្ចាគនេះ ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស សង្ឃឹមថានឹងអាចចូលរួមជួយសម្រាលការលំបាកខ្លះៗរបស់ក្រុមគ្រូពេទ្យ ដើម្បីបន្តបំពេញកាតព្វកិច្ចចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋ»

លោកស្រី ចេក សុធី អនុប្រធានមណ្ឌលសុខភាពផ្សារដើមថ្កូវ បានឲ្យដឹងថា៖ «ពីមុនមក មណ្ឌលសុខភាព ផ្សារដើមថ្កូវ មិនដែលទទួលបានការឧបត្ថម្ភទឹកសុទ្ធនោះទេ ទើបតែថ្ងៃនេះ ពេលនេះ ព្រឹកនេះ ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស បានជួយឧបត្ថម្ភចំនួន១០០កេស។ ពួកយើងពិតជាត្រូវការទឹកបរិសុទ្ធជាចាំបាច់សម្រាប់រយៈពេល ១៦ថ្ងៃ»

គួរបញ្ជាក់ថា ការបរិច្ចាគទឹកបរិសុទ្ធដ៏ច្រើនសន្ធឹកសន្ធាប់នេះគឺជាផ្នែកមួយនៃយុទ្ធនាការ «ទឹកចិត្តកម្ពុជា» របស់ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស ក្នុងគោលបំណងលើកទឹកចិត្ត និងសម្រាលការលំបាកដល់ស្ថាប័ន ដែលកំពុងបំពេញបេសកកម្មរំដោះកម្ពុជាចេញពីមេរោគកូវីដដ៏កំណាចនេះ៕